(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា ក្នុងនាមជាសមាជិក សមាជិកា និងមន្រ្តីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមលោកផ្ទាល់ បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគជាពន់ពេកចំពោះមរណភាពរបស់លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បណ្ឌិត ស៊ឹម កា បានចាត់ទុកមរណភាពរបស់លោកស្រី ងួន សុខា គឺជាការបាត់បង់កុលធីតាមួយរបស់ជាតិ ដែលបានបូជាកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញា និងស្មារតីប្រកបដោយស្នាដៃសំខាន់ៗ ចូលរួមបម្រើផលប្រយោជន៍សង្គមជាតិ និងបានចូលរួមដឹកនាំធ្វើកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ដោយភាពស្មោះត្រង់ ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថាលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ៕