(ភ្នំពេញ)៖ លោកអភិបាលរង ខណ្ឌឫស្សីកែវ ប្រាជ្ញ សីហា ដឹកនាំមេភូមិ ចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រចុះស្ដារប្រឡាយភ្លាមៗ ដោយមិនបង្អង់ យូរឡើយ ដើម្បីរំដោះទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បណ្ដាលឲ្យជន់លិចផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋ និងលិចសាលាវិទ្យាល័យ ជា ស៉ីម ចំរើនរដ្ឋ ស្ថិតក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ការចុះស្ដារប្រឡាយនេះ លោក ប្រាជ្ញ សីហា បានក្រើនរំលឹកជាថ្មីម្ដងទៀត ក្នុងការជំរុញបន្ថែមឲ្យអាជ្ញាធរសង្កាត់-ភូមិ យកចិត្តទុកដាក់តាមមើល រាល់សកម្មភាព ទាំងឡាយពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា បញ្ហាស្ដារលូ គម្របលូដែលអាចរងការខូចខាតនូវមួយអន្លើ ពិសេសការជន់លិចផ្លូវ និងសាលារៀន ដោយសារជុំនន់ទឹកភ្លៀង ដើម្បីរិះរកវិធីធ្វើការដោះស្រាយឲ្យទាន់ពេលវេលា ទាំងសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ ជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី តែងតែបានរំលឹកជានិច្ចឲ្យអាជ្ញាធរសង្កាត់-ភូមិ ជួយឲ្យអស់ពីកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយ រាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌឡើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ។

ការក្រើនរំឭកយ៉ាងដូច្នេះ របស់លោក ជា ពិសី ជាបន្តបន្ទាប់បែបនេះ បានធ្វើឡើងនៅរៀងរាល់បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព និងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ មន្ត្រីការិយាល័យជុំនាញជុំវិញខណ្ឌដែលពាក់ព័ន្ធ អាជ្ញាធរសង្កាត់-ភូមិ ផងដែរ ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង នូវរាល់ផ្លូវរងការខូចខាត (សំបុកមាន់) គម្របលូ ការស្ដារប្រព័ន្ធលូបង្ហូរទឹក និងបរិស្ថានសំរាម ក្នុងការសិក្សាគម្រោង ឈានទៅរកដំណោះស្រាយមួយសមស្រប ក្រៅពីលោករំលឹកឲ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជុំនាញពាក់ព័ន្ធ យកចិត្តទុកដាក់លើការពង្រឹង រក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕