(ភ្នំពេញ)៖ ជំនន់បង្កឡើងដោយទឹកភ្លៀងមិនទាន់ស្រកស្រុតនៅឡើយទេនៅភាគពាយព្យប្រទេសរហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ។ ជំនន់នេះបន្តគំរាមកំហែងកាន់តែខ្លាំងសម្រាប់ខេត្តពោធិ៍សាត់ និងបាត់ដំបង។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ប្រមាណ ៥.៥ម៉ែត្រ លើសការប្រកាសអាសន្នប្រមាណ ០.៥ម៉ែត្រ។ លោកអភិបាលខេត្ត បានបន្ថែមថា ដោយសារកម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅតែខ្ពស់ ធ្វើឱ្យតំបន់ទំនាបជុំវិញក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង លិចលង់ស្ទើរទាំងស្រុង។

ដោយឡែកក្រុងបាត់ដំបងទឹកពីស្ទឹងសង្កែ ក៏ចាប់ផ្តើមហូរចូលក្រុងផងដែរ។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់អង្គភាពព័ត៌មាន Fresh News ពេលកំពុងដើរពិនិត្យស្ថានភាពជន់លិចក្នុងក្រុងថា ទឹកពីស្ទឹងសង្កែបានហូរចូលក្រុង និងលិចតំបន់មួយចំនួនក្នុងក្រុងហើយ។ តែលិចរាក់ៗនៅឡើយ។

ព្រឹកនេះលោកអភិបាលខេត្ត ក៏កំពុងចុះពិនិត្យស្ថានភាពនៃការជន់លិច និងដាក់ចេញវិធានការមួយចំនួន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការរងវិសម្ពាធទាបបានធ្វើឱ្យភ្លៀងធ្លាក់ជាប់គ្នារយៈពេល៥-៦ថ្ងៃហើយ។ ការធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បានបង្កឱ្យមានទឹកភ្លៀងជន់លិចនៅបណ្តាខេត្តភាគពាយព្យប្រទេស។ ក្នុងនោះខេត្តពោធិ៍សាត់ និងបាត់ដំបង រងការជន់លិចធ្ងន់ធ្ងរជាងគេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ បានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋរងការជន់លិច និងដោះស្រាយបញ្ហាផ្សេងៗ។

ទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងអន្តរជាតិ បានបន្តចុះធ្វើសកម្មភាពសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបង្កដោយជំនន់ទឹកភ្លៀងនេះយ៉ាងសស្រាក់សស្រាំ។ ប្រជាពលរដ្ឋរងការជន់លិចត្រូវបានយកទៅទួលសុវត្ថិភាព ហើយមកដល់ពេលនេះមិនទាន់មានរបាយការណ៍រងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនេះនៅឡើយទេ៕