(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជុំទី៣ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៦-០៨ ខែតុលា ឆ្នាំ២០២០បានបញ្ចប់ហើយ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា លទ្ធផលសំខាន់ៗនៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជម្មសេរីកម្ពុជា-កូរ៉េ ជុំទី៣នេះ បានផ្ដោតទៅលើ (១) ការបើកច្រកទីផ្សារ និង (២) អត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូក ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្មផ្នែកទំនិញ, វិធានប្រភពដើមទំនិញ, វិធានជាក់លាក់សម្រាប់ផលិតផល, បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ការចរចាលើជំពូកនីមួយៗ បានទទួលលទ្ធផលផ្សេងៗគ្នា ពោលគឺបានឯកភាពគ្នាចំនួន៧១ មាត្រា លើមាត្រាសរុបចំនួន ១៣៥ មាត្រា, ក្នុងនោះជំពូក ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិធានជាក់លាក់សម្រាប់ផលិតផល ត្រូវបានបញ្ចប់ទាំងស្រុង។
ភាគីទាំងពីរ នឹងបន្តចរចាលើជំពូកដែលនៅមិនទាន់ឯកភាពគ្នា ដើម្បីឲ្យអត្ថបទកិច្ចព្រមព្រៀងទាំងមូលបានបញ្ចប់ទាំងស្រុង នៅដំណាច់ឆ្នាំ២០២០ តាមការគ្រោងទុក។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានប្រកាសបើកការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ហើយក្រុមការងារនៃប្រទេសទាំងពីរ បានបញ្ចប់ការចរចាចំនួន ៣ ជុំមកហើយ។ ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានសន្ទះរីកចម្រើនគួរឲ្យកត់សំគាល់ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ក្រុមការងារនៃប្រទេសទាំង២ បានកំណត់យករយៈពេល១ខែម្តង សម្រាប់ធ្វើការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដោយជុំទី៤ នឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕