(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះគ្រួសារសពលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខ លោកឧកញ៉ា លី ហួរ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានក្ដីរន្ធត់យ៉ាងខ្លាំង និងសោកស្ដាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត អំពីមរណភាព របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣៖៣០ នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។

ការទទួលមរណភាព របស់លោកជំទាវ គឺជាការបាត់បង់ ភរិយា និងមាតាជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម និងប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា បានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ បម្រើប្រជាជន និងសង្គមជាតិកម្ពុជាដោយស្មោះសរ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកជំទាវ បានសោយ សុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។

លោក មាស សុខសេនសាន បញ្ជាក់ទៀតថា សពលោកស្រី ងួន សុខា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ក្នុងបុរីប៉េងហួតបឹងស្នោរ នៅផ្ទះលេខ១៣ ផ្លូវលេខ៨ គម្រោងទី៩ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕