(ភ្នំពេញ)៖ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយ ផ្ដល់នីតិសម្បទាធ្វើនយោបាយដល់ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ព្រះរាជក្រឹត្យរបស់ ប្រមុខរដ្ឋស្តីទី​ ផ្ដល់នីតិសម្បទាធ្វើនយោបាយ ដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ទោះជាយ៉ាងនេះក្តី ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាច្រកតែមួយគត់ក្នុងការបើកផ្លូវឲ្យ អ្នកនយោបាយជាប់បម្រាមធ្វើនយោបាយដោយការសម្រេចរបស់តុលាការ ដើម្បីអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។

ដើម្បីបាននីតិសម្បទាឡើងវិញនោះ អ្នកនយោបាយដែលជាប់បម្រាមតុលាការក្នុងការធ្វើនយោបាយ ត្រូវស្នើលិខិតទៅក្រសួងមហាផ្ទៃ ហើយបន្ទាប់ពីពិនិត្យពិច័យ ក្រសួងមហាផ្ទៃនឹងដាក់ស្នើនាយករដ្ឋមន្រ្តី ដើម្បីពិចារណាធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាផ្តល់នីតិសម្បទានយោបាយឡើងវិញ។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៣រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន និងទី១៣៖ លោក ស៊ុន សុភ័ក្រ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាដល់ លោក ស៊ុន សុភ័ក្រ៖