(ស្វាយរៀង)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានណែនាំដល់សមាជិកបក្សទាំងអស់ ត្រូវខិតខំពង្រឹងចាស់ បង្កើនថ្មី និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាមួយសមាជិកបក្សនៅមូលដ្ឋាន ហើយមិនត្រូវជិះសេះលែងដៃនោះទេ ព្រោះនៅមាន គណបក្សនយោបាយជាច្រើនទៀត ក្នុងការប្រគូតប្រជែងការបោះឆ្នោតនាពេលខាងមុខ។

ការថ្លែងនាំរបស់លោកស្រី ភឿង សកុណា បែបនេះនៅក្នុងពិធីប្រកាសកែសម្រួលសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយទាប មាន៤ឃុំ គឺឃុំគគីសោម ឃុំពពែត ឃុំស្វាយរំពារ និងឃុំព្រៃតាអី ដែលមានការចូលរួមពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយទាប និងសមាជិកសមាជិការបស់គណបក្សជិត២០០នាក់។

លោកស្រីបានកោតសរសើរសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា និងក្រុមការងារចុះជួយតាមភូមិ-ឃុំនៃស្រុកស្វាយទាបទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្តក្នុងការចុះពង្រឹងបក្ស ទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ជាពិសេសបានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។

លោកស្រីថ្លែងថា «ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោត នឹងមកពិនិត្យបញ្ជីបោះឆ្នោតនៅស្រុកស្វាយទាបបានចំនួន ៩៦ភាគរយហើយ ដូច្នេះតួរលេខនេះ គឺល្អប្រសើរមួយសម្រាប់ ស្រុកមួយនេះត្រូវចាំថា សន្លឹកឆ្នោតមួយសន្លឹកកំណត់ជោគវាសនាប្រទេសជាតិ និងអនាគតកូនចៅយើង»

លោកស្រីបានបញ្ជាក់ថា «នៅ២០២២ ប្រទេសរបស់យើងនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះនៅឆ្នាំ២០២១ ជាឱកាសក្នុងការត្រៀមកម្លាំងគណបក្សរបស់យើង ដើម្បីយកឈ្នះការបោះឆ្នោតនេះ។ ទន្ទឹមនឹងនេះ សមាជិកបក្សត្រូវធ្វើឲ្យពលរដ្ឋនៅមូលដ្ឋានជឿទុកចិត្ត និងខិតខំយកចិត្តទុកដាក់ពង្រឹងបក្សឲ្យបានល្អជាពិសេសត្រូវធ្វើពើល្អ ដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងសេវាសំណូមពរ និងសេវាតម្រូវការឲ្យបានរហ័សនិងមានគណនេយ្យភាពត្រឹមត្រូវ»

លោកស្រីបានបន្តថា ត្រូវមានរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ បង្កើនការចលនាចុះមូលដ្ឋានជួយប្រជាជនធ្វើការអូសទាញ ហើយគ្រប់សកម្មភាពទាំងអស់ត្រូវបម្រើប្រជាជន និងបម្រើគណបក្សយ៉ាងពិតប្រាដកទាំងបរិមាណនិងគុណភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានណែនាំដល់សមាជិកបក្សទាំងអស់ត្រូវគោរពតាមវិធានការពាររបស់ក្រសួងសុខាភិបាល ចំពោះជំងឺកូវីដ១៩ ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំដូចជា លាងដៃនឹងអាកុល ជែល សាប៊ូ នៅគម្លាតគ្នាជាដើម ហើយនៅក្នុងប្រទេសតំបន់អាស៊ានមានតែប្រទេសកម្ពុជា និងឡាវទេដែលមិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំពោះការឆ្លងវិញ គឺមានតែឆ្លងពីក្រៅប្រទេសប៉ុណ្ណោះ ដោយមិនទាន់មានឆ្លងជាសហគមន៍នោះទេ។

ក្នុងបរិបទជំងឺកូវីដ១៩ លោកស្រី ក៏បានអំពាវនាវដល់សមាជិកបក្សក៏ជាដូចជាប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកស្វាយទាបត្រូវចូលរួមដាំដំណាំ និងចិញ្ចឹមសត្វរួមផ្សំឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃហើយសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនវិធានការពាររបស់ក្រសួង សុខាភិបាល និងចូលរួមការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ៕