(ភ្នំពេញ)៖ ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួន បានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោក បានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ នេះជាការប្រកាសរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាបញ្ជាក់ថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាន និងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន»

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូន លេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់៕