(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តាំផ្ញើក្រុមការងារ ដែលចុះអនុវត្តន៍ផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រ ជួបការលំបាក ក្នុងកំឡុងពេលកូវីដ-១៩ ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវឲ្យមានតម្លាភាព យុត្តិធម៌ និងមិនលំអៀង ចំពោះគ្រួសារណាមួយឡើយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក វង សូត បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះដែរ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់មន្ត្រីមូលដ្ឋាន មានមេភូមិ ស្មៀនឃុំ និងមេឃុំ ធ្វើយ៉ាងណា ចុះអនុវត្តន៍ផ្តល់ទំនុកចិត្ត ដោយភាពជាក់ស្តែងក្នុងការជ្រើសរើសគ្រួសារដែលក្រីក្រ និងងាយរងគ្រោះជួបការលំបាក កំឡុងពេលកម្ពុជា ជួបវិបត្តិ កូវីដ១៩ ពោលគឺ ត្រូវខិតខំប្រឹងប្រែងបំរើសេវាសាធារណៈ ឲ្យបានត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែតម្លាភាព យុត្តិធម៌ និងមិនលំអៀងចំពោះ គ្រួសារណាមួយឡើយ។

រដ្ឋមន្ត្រី វង សូត បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវខិតខំបេ្តជ្ញាចិត្តំរើពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តន៍អប់រំ ផ្សព្វផ្សាយ និងណែនាំដល់គ្រួសារដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្តម្ភរួច និងកំពុងទទួលត្រូវជម្រុញអប់រឲ្យគ្រួសារទាំងនោះ ត្រូវចេះយកទៅទ្រទ្រង់ជីវភាគ្រួសារបង្កើនមុខរបរការងារឲ្យកាន់តែល្អប្រសើរឡើង។

លោក វង សូត ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទៅជម្រុញរំលឹកដល់ បងប្អូនប្រជាពលរដ្ឋដែលទើបនឹងគ្រប់អាយុឮនិងផ្ទេទីលំនៅ ត្រូវអញ្ជើញទៅចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឆ្នាំ២០២០ ដោយត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមទប់ស្កាត់បង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩៕