(បាត់ដំបង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ការប្រែប្រួលអាកាសធាតុនៅលើផែនដីយើងនេះ មិនមែនបង្កដោយកម្ពុជាដែលជាប្រទេសតូចមួយនោះទេ ឫសគល់ចម្បងជាងគេគឺមកពីការបំភាយឧស្ម័នពុលចេញពីរោងចក្រឧស្សាហកម្មធុនធ្ងន់នៅតាមបណ្ដាប្រទេសធំៗ និងការបំផ្លាញធនធានធម្មជាតិ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី លឹម គានហោ គឺដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុមអគតិ និងការវាយប្រហារពីមជ្ឈដ្ឋានខ្លះ ដែលទម្លាក់កំហុសមកលើប្រទេសកម្ពុជាថា ជាប្រទេសបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ដោយសារតែការកាប់បំផ្លាញព្រៃ។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តភាគពាយព្យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលធ្វើឱ្យអាកាសធាតុពិភពលោកមានការប្រែប្រួល គឺបណ្ដាលមកពីបណ្ដាប្រទេសដែលមានឧស្សាហកម្មធុនធ្ងន់ធំៗ ដែលគេមានថវិកាច្រើន គេបានធ្វើវិនិយោគយូរមកហើយ»។

រដ្ឋមន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ថា មិនដូចអ្វីដែលគេចោទប្រកាន់មកលើកម្ពុជានោះឡើយ ពីព្រោះដូចឃើញស្រាប់ហើយថា កម្ពុជាមិនទាន់មានឧស្សាហកម្មធុនធ្ងន់នៅឡើយទេ ប៉ុន្តែនៅបណ្ដាប្រទេសធំៗផ្សេងទៀត គឺមានច្រើនណាស់។ ម្យ៉ាងវិញទៀត ប្រសិនបើបន្ទោសរឿងថាមកពីកម្ពុជាកាប់ព្រៃឈើនោះ គឺមិនត្រឹមត្រូវឡើយ ថ្វីដ្បិតកម្ពុជាកាប់ព្រៃឈើពិតមែន ប៉ុន្តែគឺនៅមានបរិមាណតិចជាងប្រទេសដទៃទៀតឆ្ងាយណាស់។

លោកក៏បានឱ្យដឹងទៀតថា វត្តមានព្រៃឈើច្រើននៅលើផែនដីបានចូលរួមជួយធ្វើឱ្យឧស្ម័នកាបូនិក និងឧស្ម័នអុកស៉ីសែនមានតុល្យភាពនឹងគ្នា។ មួយទៀតសោត ប្រសិនបើមានព្រៃឈើច្រើន វាក៏ជួយទប់ទល់ការបាក់ដី សំណឹកដី នៅពេលមានទឹកជំនន់ម្ដងៗផងដែរ។

លោកបានរំឭកថា កាលពីកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនៅទីក្រុងបារីស ប្រទេសបារាំង នាពេលកន្លងមក គេបានអំពាវនាវដល់បណ្ដាប្រទេសជុំវិញពិភពលោក ចូលរួមការពារផលប៉ះពាល់ អាកាសធាតុ។ 

បើតាមលោករដ្ឋមន្ត្រី លឹម គានហោ រាជរដ្ឋាភិបាលកម្ពុជាមានការគិតគូរគ្រប់ជ្រុងជ្រោយណាស់ ក្នុងការចូលរួមការពារការប្រែប្រួលអាកាសធាតុនេះ។ តួយ៉ាង នៅពេលមានភ្លៀង ព្យុះ ឬមានសម្ពាធទាបឆ្លងកាត់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានប្រាប់ប្រជាពលរដ្ឋមុន ពិសេសក៏មានវិធានការត្រៀមអន្តរាគមន៍ និងមានការចុះត្រួតពិនិត្យដោយផ្ទាល់ ពោលគឺមិនបណ្ដាយឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារគ្មានចំណាត់ការពីអាជ្ញាធរ និងរាជរដ្ឋាភិបាលនោះឡើយ៕