(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកព្រលឹមថ្ងៃ១០ ខែតុលា ឆ្នាំ២០២០នេះ បន្តធ្វើដំណើរចុះមកកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក និងរុក្ខគិរី។

ក្នុងដំណើរចុះមកកាន់ខេត្តបាត់ដំបងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញជិះឧទ្ធម្ភាគចក្រ និងជិះទូកពិនិត្យមើលស្ថានភាពនៃការជន់លិចផងដែរ។

តំបន់មួយចំនួននៅក្នុងស្រុកភ្នំប្រឹក និងស្រុករុក្ខគិរី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងខេត្ត បានបើកប្រតិបត្តិការភ្លាមៗយ៉ាងសស្រាក់សស្រាំចុះជួយប្រជាពលរដ្ឋរងការជន់លិចទៅរកទីទួលសុវត្ថិភាព។

ក្រៅតែពីខេត្តបាត់ដំបង បណ្តាខេត្តជាច្រើនទៀតនៅខេត្តភាគពាយព្យប្រទេស ក៏បានរងការជន់លិចផងដែរ។ ក្នុងនោះខេត្តពោធិ៍សាត់ បានរងការជន់លិចធ្ងន់ធ្ងរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី គន់ គីម អ្នកប្រតិបត្តិការជួរមុខលើសមរភូមិគ្រោះមហន្តរាយ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះមហន្តរាយនេះ បានតាមដាន ដឹកនាំ និងបញ្ជាជាប់ជាប្រចាំក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀងនេះ។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លោកទេសរដ្ឋមន្ត្រី បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជន់ និងការសង្គ្រោះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម រហូតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ តែទោះជាយ៉ាងក្រោមការប្រឹងប្រែងសង្គ្រោះរបស់អាជ្ញាធរពាក់ព័ន្ធនោះ មិនទាន់មានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។

ទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី បន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ៕