(ភ្នំពេញ-ស្ទឹងត្រែង)៖ នៅទីបំផុតជនដៃដល់ដែលវាយសម្លាប់មិត្តភ័ក្រខ្លួនឯង ដោយញញួរ នៅក្នុងហាង «ផ្ទះនំខេក» ចំណុចផ្ទះធ្វើនំខេក ទីតាំងលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ ចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា ជនដៃដល់ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំខេក ត្រូវចាប់ខ្លួនបាននៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈជនសង្ស័យគេចខ្លួនពីខេត្តស្ទឹងត្រែង ទៅលាក់ខ្លួននៅផ្ទះបងស្រីនៅខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផល បញ្ញា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកញញួរវាយ ទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ) បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន មូលហេតុដោយសារខឹង ជនរងគ្រោះជេរប្រមាថមកលើខ្លួន។

លោកឧត្តមសេនីយ៍ ជាវ វិបុល បានឲ្យដឹងទៀតថា ក្រោយចាប់ខ្លួនបានកម្លាំងជំនាញ បានបញ្ជូនខ្លួនជនដៃដល់ទាំងកណ្ដាលរាត្រី មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើទោះបីត្រូវអត់ងងុយស្អុយភ្នែកយ៉ាងណាក៏ដោយ ក៏ត្រូវបញ្ជូនជនដៃមកដល់កន្លែងដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីផងដែរ។

គួរជម្រាបថា នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបុគ្គលិកហាង «ផ្ទះនំខេក» ម្នាក់ពេលកំពុងបីកូនក្នុងដៃ ស្រាប់តែត្រូវបុគ្គលិកដូចគ្នា យកញញួរមកវាយក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ ស្ថិតនៅចំណុចហាង «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហន ចាន់រស្មី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងនំខាងលើ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕