(ភ្នំពេញ)៖ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខណ្ឌទួលគោក សូមយកសំរាមមកដាក់នៅទីតាំងចំនួន៦ ដែលអាជ្ញាធរបានរៀបចំជូន ខណៈកម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ហើយបន្ទុកនេះត្រូវធ្លាក់លើអាជ្ញាធរ។

លោកអភិបាលខណ្ឌទួលគោក បានបន្ដទៀតថា ប្រជាពលរដ្ឋត្រូវយកសំរាមមកទុកនៅទីតាំងដែលអាជ្ញាធរបានកំណត់ ហើយត្រូវវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ពោលត្រូវចងមាត់ថងឲ្យបានល្អ កុំឲ្យលេចធ្លាយដោយប្រការណាមួយ។

ក្នុងឱកាសដឹកនាំកងកម្លាំង ចុះប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌ លោក ឯក ឃុនដឿន បានឲ្យដឹងថា ចំពោះទីតាំងសម្រាប់ទុកសំរាមទាំង៦កន្លែង មាននៅ៖

*ទីតាំងទី១៖ ផ្សារដើមគរ
*ទីតាំងទី២៖ ផ្សារនាគមាស
*ទីតាំងទី៣៖ ផ្លូវលេខ២៣០ និងផ្លូវលេខ២០២ (ជាប់របងម៉ុងឌីយ៉ាល់)
*ទីតាំងទី៤៖ ផ្លូវលេខ២៦៥ (ជាប់ពេទ្យលោកសង្ឃ មិត្តភាពកម្ពុជាចិន)
*ទីតាំងទី៥៖ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១
*ទីតាំងទី៦៖ ផ្សារទួលគោក ផ្លូវលេខ៥៨៦ សង្កាត់បឹងកក់ទី២។

ដោយសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើទោះបីជាបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមក៏ដោយនោះ តែសម្រាប់សាលាខណ្ឌទួលគោក បានចេញចំណាត់ការភ្លាមៗ និងជាបន្តបន្ទាប់ដឹកសំរាមចេញ មិនឲ្យមានការគរទុកចោលនោះទេ។

ក្រោមចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនមធ្យោបាយដឹកជញ្ជូន រួមជាមួយគ្រឿងចក្រ, កម្លាំងគណៈកម្មការផ្សារ បានរក្សាស្ថានភាពមិនឲ្យបញ្ហាសំរាម ប៉ះពាល់ដល់ការលក់ដូរ ចំពោះបងប្អូនអាជីវករនោះទេ។ ម្យ៉ាងទៀតសំរាមក្នុងដេប៉ូទាំងអស់ ត្រូវបានដឹកចេញជាស្ថាពរតាមការគ្រោង៕