(កណ្តាល)៖ សាលាបឋមសិក្សា «ហ៊ុន សែន ត្បែង» ស្ថិតក្នុងភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាថ្នាលបណ្តុះចំណេះដឹងដ៏សំខាន់សម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងឃុំត្បែង និងមពីឃុំដទៃទៀត។

សាលាបឋមសិក្សា «ហ៊ុន សែន ត្បែង» ត្រូវបានបង្កើតឡើងជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ហើយបបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋរាប់រយ រាប់ពាន់នាក់មកហើយ។ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាមានសិស្សចំនួន ៣៣៦នាក់ ស្រី ១៨៦នាក់។

បច្ចុប្បន្នសាលាបឋមសិក្សា «ហ៊ុន សែន ត្បែង» មានអគារសិក្សាចំនួនពីរខ្នង ដែលបានសាងសង់ឡើងតាំងឆ្នាំ១៩៩៧មកម្ល៉េះ។ បន្ទាប់ពីឈរបាំងភ្លៀងបាំងខ្យល់ផ្តល់ចំណេះដឹងជូនសិស្សានុសិស្សអស់រយៈពេលជាង ២០ឆ្នាំ អគារសាលាដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នេះក៏បានឈានដល់សភាពទ្រុឌទ្រោមផងដែរ។

អ្នកស្រី សឿង ស្រីលក្ខណ៍ នាយិការងសាលាបឋមសិក្សា «ហ៊ុន សែន ត្បែង» បានរៀបរាប់ប្រាប់ Fresh News ថា បច្ចុប្បន្នអគារសាលាមួយខ្នងចំនួន៦បន្ទប់នេះ មានសភាពទ្រុឌទ្រោមខ្លាំង បង្កឱ្យមានក្តីបារម្ភខ្លាងបង្កគ្រោះថ្នាក់ដល់សិស្សពេលអង្គុយសិក្សា។

ក្រៅតែពីអគារសិក្សាមានសភាពទ្រុឌទ្រោមហើយនោះ នៅរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យភ្លៀងដក់ក្នុងសាលាថែមទៀតផង ព្រោះតែបរិវេណសាលាទាបជាងផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញ។ ទឹកដក់ក្នុងសាលា បានធ្វើឱ្យសិស្សត្រូវអាក់ខានការសិក្សា ហើយក៏បង្កការលំបាកដល់សិស្សត្រូវដល់កាត់ទឹកចូលសាលាថែមទៀតផង។

បន្ទាប់ពីទទួលបានព័ត៌មានពីសភាពទ្រុឌទ្រោមនៃអគារគំរាមកំហែងដល់សវត្ថិភាពរបស់សិស្ស ព្រមទាំងការលិចទឹកភ្លៀងនេះផង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់អគារសិក្សាថ្មីជូនដល់សិស្សានុសិស្សនៅទីនោះ។

ក្រៅតែពីសម្រេចបែបនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់របស់សម្តេច និងជាប្រធានគណៈកម្មាធិការសាខាបក្ស «ខ៦» ចុះទៅពិនិត្យ និងចាត់ចែងការសាងសង់សាលានេះជាបន្ទាន់។ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ទ្រី ភាព ដែលជាអនុប្រធានគណៈពង្រឹងការងារក្នុងស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំង ជ្រើសរើសទីតាំង និងចាត់ចែងឱ្យជាងសំណង់វាស់វែងកំណត់ទីតាំងសាងសង់អគារផងដែរ។

លោកឧកញ៉ា ទ្រី ភាព បានណែនាំឱ្យក្រុមជាងជួសជុលអគារសាលាចាស់ដែលបាក់បែង ដើម្បីឱ្យសិស្សរៀនបណ្តោះអាសន្ន ហើយត្រូវពន្លឿនការងារសាងសង់អគារសិក្សាថ្មី ដើម្បីឱ្យសិស្សឆាប់បានចូលរៀន។ លោកឧកញ៉ា បានអះអាងថា លោកនឹងពន្លឿនការងារសាងសង់អគារសិក្សាថ្មីនេះ ឱ្យឆាប់ហើយ។

លោកឧកញ៉ា ទ្រី ភាព ដែលជាអ្នកមានកំណើត និងធំធាត់នៅក្នុងឃុំត្បែងនេះ ក៏បានបង្ហាញនូវក្តីរីករាយដោយបានធ្វើការងារបម្រើតាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសាងសង់សាលានេះឡើង ដើម្បីជាប្រយោជន៍ដល់កូនចៅប្រជាពលរដ្ឋនៅដែនដីកំណើតរបស់លោក។

ទាំងគ្រូ និងសិស្សដែលធ្លាប់តែបារម្ភពីស្ថានភាពសាលាទ្រុឌទ្រោម និងលំបាកដើរកាត់ទឹកចូលសាលារៀននោះ បានរីករាយត្រេកអរជាពន់ពេក។ ពួកគេបានបង្ហាញស្នាមញញឹម និងលើកឡើងថា សាលាថ្មីជាក្តីប្រាថ្នាទាំងគ្រូ និងសិស្ស ដែលអាចបម្រើដល់ការសិក្សាមិនត្រឹមតែសិស្សក្នុងជំនាន់នេះទេ តែសម្រាប់សិស្សជំនាន់ក្រោយៗទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះពិនិត្យ និងចាត់ចែងការសាងសង់សាលានេះ លោកឧកញ៉ាបណ្ឌិត ទ្រី ភាព បានជួបសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ហើយនាំមកជាមួយនូវអំណោយជាថវិកា និងសៀវភៅរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕