(សៀមរាប)៖ រចនាសម្ពន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រី ដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុល និងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ ដែលបានជួសជុល និងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប ៤០ម៉ែត្រ។

គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ពន្ធពាក់ព័ន្ធផ្សេងៗទៀត ដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។

លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី ឱ្យដឹងពីមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ពន្ធរបស់កំពែង និងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើសង្កត់ រីឯប្ញសនៃដើមឈើធំៗបានចាក់បំប៉ើងគ្រឹះបណ្តាលឱ្យស្រុត ទ្រេត និងប្រេះខូចខុសពីទម្រង់ដើម។

ប្រាសាទបន្ទាយស្រីបានចាប់ផ្តើមអភិរក្សឡើងវិញ អំឡុងឆ្នាំ១៩១៦ ដោយជនជាតិបារាំង។ ចាប់ពីឆ្នាំ១៩២៤ មក សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃ និងចាប់ផ្តើមសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal។

នៅឆ្នាំ២០០៥ ប្រទេសស្វីស និងអាជ្ញាធរជាតិអប្សរាបានសហការធ្វើកំណាយស្រាវជ្រាវសង្គ្រោះប្រាសាទដើម្បីរក្សាសោភ័ណភាពពីបុរាណ ហើយរៀបចំជាទីលានបដិសណ្ឋារកិច្ចដំបូងគេនៅឧទ្យានអង្គរ។

ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀម ដោយរក្សាទម្រង់ដើមរបស់សំណង់ និងគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារៈ និងប្រវត្តិនៃសំណង់ជាដើម។

ទោះជាយ៉ាងណា បន្ទាយស្រីក៏នៅមានរចនាសម្ពន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕