(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំឭកដល់មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ ពន្លឿនការងារកសាងកម្មវិធីវិនិយោគ ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួង និងមន្ទីរជំនាញ ដើម្បីឲ្យការអនុវត្តកម្មវិធីបានទាន់ពេលវេលា និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ កាត់បន្ថយបាននូវអត្រាភាពក្រីក្រ តាមការចង់បានរបស់រាជរដ្ឋាភិបាល។

ការក្រើនរំឭកបែបនេះ ខណៈលោកអភិបាលខេត្ត ចូលរួមក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២១-២០២៣) នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីអ្នកពាក់ព័ន្ធ ប្រមាណ ១៨៦នាក់។

លោកអភិបាលខេត្ត បានបន្តថា ជាធម្មតាធ្វើអ្វីក៏ដោយ ត្រូវមានផែនការ គម្រោង ចក្ខុវិស័យ ទិសដៅ និងពេលវេលាកំណត់ ពិសេសសំយោគធាតុចូល ឲ្យច្បាស់លាស់ ទើបការអនុវត្តទទួលបានជោគជ័យ។ យ៉ាងណាមិញ ការងារអភិវឌ្ឍន៍ខេត្តកំពត ក៏ដូចគ្នាដែរ ការកសាងផែនការវិនិយោគ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងករណីដែលអាក់ខាន ឬធ្វើមិនទាន់ពេលវេលា វាមិនត្រឹមតែខាតបង់ទេ ការអភិវឌ្ឍន៍ ក៏យឺត ប្រជាពលរដ្ឋ ក៏មានតម្រូវការ និងបញ្ហាប្រឈមកាន់តែច្រើនឡើង ធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំ របស់រាជរដ្ឋាភិបាល។

លោកបានស្នើឲ្យ មន្ត្រីទទួលបន្ទុករដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្គាត់ និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៉ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា សូមយកចិត្តទុកដាក់ ចូលរួមពិភាក្សា និងស្វែងយល់ ពីទស្សនៈ តម្រូវការ គម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកា ពីគ្នាទៅវិញទៅមក ដោយតម្លាភាព ដើម្បីនឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដាក់ផែនការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍ នៅតាមមូលដ្ឋាននានា ឲ្យប្រព្រឹត្តបានដោយរលូន ទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅរួមចំណែកកាត់បន្ថយអត្រាពលរដ្ឋក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បន្តថា តម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្តដែលមានគម្រោងសរុប ២.៥៦១ ក្នុងនោះ គម្រោងរបស់ខេត្តមានចំនួន ១២៩គម្រោង, គម្រោងតាមមន្ទីរមានចំនួន ១៦៧ គម្រោង, គម្រោងក្រុង មានចំនួន ១៦គម្រោង, គម្រោងស្រុក ៤៩៧គម្រោង, គម្រោងសង្កាត់មានចំនួន ១៣៧គម្រោង និងគម្រោងឃុំ មានចំនួន ១.៦១៦គម្រោង។

លោក មឿង គង្គា ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា គោលបំណងនៃវេទិកាពិគ្រោះយោបល់ គឺដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៉ីតម្រូវការអភិវឌ្ឍន៍ទាំងនោះ ជាមួយគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៉ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា មកដល់បច្ចុប្បន្ន បណ្តាស្រុក និងឃុំ សង្កាត់មួយចំនួន ហាក់ដូចមិនសូវយកចិត្តទុកដាក់ លើការងារកសាងកម្មវិធីវិនិយោគនេះទេ ដោយសារមានតែការងារនេះ មានតែតួរលេខលុយនៅលើក្រដាស់។

លោកប្រធានមន្ទីរ ក៏បានស្នើឲ្យមន្ទីរក្រុងស្រុក ឃុំសង្កាត់ បង្កើនការយកចិត្តទុកដាក់ និងពន្លឿនការកសាងកម្មវិធីវិនិយោគរបស់ខ្លួន៕