(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដើម្បីដាក់ពិន័យឧត្តមសេនីយ៍យោធាម្នាក់ និងកូនចៅ១២នាក់ទៀត ពាក់ព័ន្ធការកាប់រាន និងទន្ទ្រាន់កាន់កាប់ដីព្រៃខុសច្បាប់ នៅខេត្តមណ្ឌលគិរី។ នេះបើតាមប្រភពព័ត៌មានច្បាស់ការពីក្រសួងមហាផ្ទៃ។

ប្រភពព័ត៌មានច្បាស់ការដដែលនេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះទៀតថា ឧត្តមសេនីយ៍យោធានោះឈ្មោះ ដេត ហ៊ាង ជាមេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវ៉ាត់ព្រំដែន និងនាយទាហាន នាយទាហានរង ចំនួន១២រូបទៀត។

បើតាមប្រភពព័ត៌មាន សាមីខ្លួនសរុបទាំង១៣នាក់នេះ បានសារភាពកំហុសថា បានកាប់ទន្ទ្រាន់ដីព្រៃខុសច្បាប់ និងបានធ្វើកិច្ចសន្យាប្រគល់ជូនរដ្ឋវិញ ព្រមទាំងសន្យាថា នឹងចូលរួមការពារព្រៃឈើ។ ប៉ុន្ដែពាក់ព័ន្ធករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍ឯកភាពក្នុងការប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ ដើម្បីមានវិធានការស្របតាមច្បាប់ និងវិន័យកងយោធពលខេមរភូមិន្ទ។

គួរជម្រាបថា ពាក់ព័ន្ធករណីពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរីនេះ អភិបាលស្រុកកោះញែក លោក ស៉ិន វណ្ណវុឌ្ឍ ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្លាស់ប្ដូរភារកិច្ចផងដែរ ដោយតែងតាំងលោក ឌឹម នី ជំនួសវិញ។ ដោយឡែក មេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ក៏ត្រូវដាក់ពិន័យផងដែរ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការសម្រេចដកអភិបាលស្រុក និងដាក់ពិន័យទៅលើមន្រ្តី ពាក់ព័ន្ធការធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងពុំបានចូលរួមការពារផលប្រយោជន៍សាធារណៈ និងកេងផលប្រយោជន៍ពីតួនាទីរបស់ខ្លួន បង្កឱ្យមានភាពអនាធិបតេយ្យ និងរំលោភទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅខេត្តមណ្ឌលគីរី ជាការបង្ហាញពីការអនុវត្ត អភិក្រមរបស់សម្តេចនាយករដ្ឋមន្ត្រី «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្បែល ព្យាបាល និងវះកាត់» និងក៏បង្ហាញឱ្យឃើញពីវិធានការដ៏ម៉ឺងមាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តទោសទណ្ឌទៅតាមច្បាប់ចំពោះមន្ត្រីទាំងឡាយ ដែលប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋ។

នេះគឺជាមេរៀនសម្រាប់មន្ត្រីមួយចំនួនតូច ដែលមិនបម្រើផលប្រយោជន៍ពលរដ្ឋ ដោយស្មោះត្រង់ និងមិនបំពេញតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ នឹងត្រូវប្រឈមមុខដូចគ្នានេះដែរ។ វិធានការនេះក៏ទទួលបាននូវការសាទរពីប្រជាពលរដ្ឋផងដែរ៕

ឧត្តមសេនីយ៍ ដេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវ៉ាត់ព្រំដែន

ខាងក្រោមជារូបក្រុមការងារអន្ដរក្រសួង ចុះធ្វើអធិការកិច្ចស្រាវជ្រាវ នៅខេត្តមណ្ឌលគិរី កាលពីចុងខែកក្កដា