(ភ្នំពេញ)៖ ករណីវិវាទដីធ្លីរយៈពេល៤ឆ្នាំ រវាង លោកស្រី ឡៃ គីមហុង ភរិយា នាយឧត្តមសេនីយផ្កាយ៤ ប៊ុន សេង នៅខេត្តបាត់ដំបង និងប្រជាពលរដ្ឋ ៥គ្រួសារ ១៖ ជិន ជន, ២៖ សួន បូរ៉ា, ៣៖ សំ ថាន, ៤៖ ជា សារ៉ាត់, ៥៖ ជួន ជីវិន លើផ្ទៃដីចំនួនជាង៥ហិកតា (៥៣,៣៩៤) ដែលមាទីតាំង នៅភូមិ ទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រុះសម្រួលបញ្ចប់ទាំងស្រុងហើយ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

លទ្ធផលនៃការសម្រុះសម្រួលបញ្ចប់វិវាទនេះ គឺភាគី លោកស្រី ឡៃ គីមហុង ព្រមទទួលយកប្រាក់ចំនួន១៣ម៉ឺនដុល្លារ ហើយសុខចិត្តផ្តល់ដីទាំងអស់ទៅឲ្យប្រជាពលរដ្ឋ ទាំង៥គ្រួសារ ដោយក្នុងនោះបានផ្តល់ជូនទាំងផលដំណាំចំការដំឡូងដែលកំពុងដាំដុះទាំងអស់ (តម្លៃប្រមាណ៧៥០០ដុល្លារ) ឲ្យទៅភាគីពលរដ្ឋទាំង ៥គ្រួសារ ដែលយល់ព្រមទទួលយកដីទាំងអស់មកគ្រប់គ្រងវិញ។

រឿងវិវាទដីធ្លីរវាងភាគីទាំង៦ខាងលើ បានកើតឡើងតាំងពីឆ្នាំ២០១៦ ដោយភាគីម្ខាងៗអះអាងថាជាដីរបស់ខ្លួន។ ប៉ុន្តែជាក់ស្តែងគឺភាគឺលោកជំទាវ ឡៃ គីមហុង បានកាន់កាប់អាស្រ័យផលដាំដំឡូងលក់ជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនោះដែរ ភាគីខាងប្រជាពលរដ្ឋក៏បានអះអាងថា ខ្លួនមានលិខិតស្នាមប័ណ្ណកាន់កាប់ដី លើទីតាំងតែមួយដូចគ្នា។ ដោយសារតែភាគីម្ខាងៗទាមទារយកឈ្នះយកត្រូវរៀងៗខ្លួន ក៏បានប្តឹងគ្នាទៅអាជ្ញាធរមានសមត្ថកិច្ចអោយជួយដោះស្រាយ។ ប៉ុន្តែអាជ្ញាធរដោះស្រាយមិនចេញ ក៏បានប្តឹងគ្នាបន្តទៅស្ថាប័នតុលាទៀតផង ប៉ុន្តែនៅតែគ្មានដំណោះស្រាយដដែល។

ដោយបានមើលឃើញពីប្រសិទ្ធិភាពនៃដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ លោកស្រី ឡៃ គីមហុង បានសម្រេចដាក់ពាក្យគោរពចូលមកសម្តេចតេជោកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសុំជួយរកយុត្តិធម៍ជូនគាត់។ នៅក្នុងឱកាសនោះដែរ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានចុះទៅខេត្តបាត់ដំបងទៅជួបពិភាក្សាសម្របសម្រួលជាមួយ លោកស្រី ឡៃ គីមហុង និង នាយឧត្តមសេនីយ ប៊ុន សេង ជាច្រើនលើកច្រើនសារអំពីករណីវិវាទខាងលើ។

នៅព្រឹកថ្ងៃទី០៥ ខែតុលា នេះ លោក ដួង តារា ក៏បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមេធាវីទាំងសង្ខាង មកប្រជុំពិភាក្សាសម្រុះសម្រួលដោះស្រាយ​បញ្ចប់វិវាទទាំងស្រុង​ជាលើកចុងក្រោយនៅវិមានសន្តិភាព ដែលជាលទ្ធផលគឺភាគីទាំងអស់ក៏បានព្រមព្រៀងគ្នាផ្តិតមេដៃបញ្ចប់វិវាទ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ក្រោមការសម្របសម្រួលរបស់ លោក ដួង តារា។

ពិតណាស់ វិវាទដ៏រាំរ៉ៃយូររាប់ឆ្នាំយូរយ៉ាងណាក៏ដោយ ហើយទោះបីភាគីនីមួយៗមានឥទ្ធិពល បុណ្យស័ក្តិធំ និងទ្រព្យសម្បត្តិតិចឬច្រើនយ៉ាងណាក្តី ប៉ុន្តែបើយកដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះតេជោ ជាមួយនឹងគុណធម៌មកដោះស្រាយហើយនោះ គឺនឹងទទួលបានលទ្ធផលល្អជាមិនខាន ដូចករណីខាងលើនេះស្រាប់។

លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោកស្រី ឡៃ គីមហុង និងប្រជាពលរដ្ឋ៥គ្រួសារដូចជា លោក ជិន ជន, លោក សួន បូរ៉ា, លោកស្រី សំ ថាន, លោក ជា សារ៉ាត់, និង លោក ជួន ជីវិន ដែលបានជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលទទួលបានលទ្ធផលឈ្នះឈ្នះជាមួយនឹងស្នាមញញឹមគ្រប់ៗគ្នា។

លោក ដួង តារា ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងតែមានក្តីស្រលាញ់ សណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋនៅគ្រប់ទីកន្លែង ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។

លោក ដួង តារា បានអំពាវនាវដល់មន្រ្តី និងអ្នកមានទ្រព្យស្តុកស្តម្ភ សូមជ្រើសរើសដំណោះស្រាយតេជោឈ្នះឈ្នះ ដើម្បីបញ្ចប់រាល់នូវគ្រប់វិវាទតូចធំទាំងអស់​នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកជួយដល់ប្រមុខដឹកនាំរបស់យើង ដើម្បីភាពសុខដុមនីយកម្មនៅក្នុងសង្គមជាតិយើងទាំងមូល៕