(កំពត)៖ ទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានក្រើនរំលឹកដល់ក្រុមការងារឲ្យបន្តពង្រឹង និងជំរុញសកម្មភាពការងារ ដោយបំពេញនូវចំណុចសេសសល់ខ្វះខាត របស់ខ្លួនបន្ថែមទៀត។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារ វេទិកាសាធារណៈត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុង ស្រុក ក្នុងខេត្តកំពត នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។ ពិធីនេះក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត និងប្រតិភូក្រុមការងារអមដំណើរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកក្នុងពិធីនោះថា គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាក់ស្តែង នៅក្នុងដំណាក់កាលប្រទេសជួបវិបត្តិកូវីដ១៩ ក្រុមការងាររាជរដ្ឋាភិបាល បានធ្វើសកម្មភាពយ៉ាងផុលផុស ក្នុងការអប់រំផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងទិន្នន័យ និងចូលរួមបរិច្ចាគ តាមគ្រប់រូបភាពផ្សេងៗ សម្រួលដល់ការដោះស្រាយជីវភាពប្រជាពលរដ្ឋខ្វះខាត និងបង្ការទប់ស្កាត់ មិនឲ្យមានជំងឺកូវីដ១៩ ឆ្លងដល់សហគមន៍បានឡើយ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានក្រើនរំលឹកដល់មន្ត្រី សមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ ឲ្យបន្តពង្រឹងសកម្មភាពបំពេញបន្ថែមចំណុចខ្វះខាត ដើម្បីជំរុញដល់យន្តការដោះស្រាយ បញ្ហា សំណូមពរ និងតម្រូវការទំនាស់នានារបស់ពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងបញ្ចៀសភាពអសកម្មឲ្យបានដាច់ខាត ដែលអាចបង្កឱ្យមានភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ឲ្យជះឥទ្ធិពលអវិជ្ជមាន ដល់ការគ្រាំទ្របក្ស និងរាជរដ្ឋាភិបាល។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ ចុះមូលដ្ឋានខេត្តកំពត ដែលបានខិតខំយកចិត្តទុកដាក់សកម្មភាពយ៉ាងផុលផុស ក្នុងការជួយសម្រួលដោះស្រាយរាល់បញ្ហាសំណូមពរ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ពិសេសចំពោះអាជ្ញាធរខេត្ត ក្រុងស្រុកដែលបានសហការគ្នាល្អ ក្នុងកិច្ចអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ មានលក្ខណៈកាន់តែល្អប្រសើរឡើង បើទោះបីស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ក្ដី ក៏ខេត្តកំពត នៅតែទទួលបាននូវភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើងជាលំដាប់។

ក្នុងកិច្ចប្រជុំនោះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានរាយការណ៍ថា ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំ២០២០នេះ សម្រាប់លទ្ធផលជារួម របស់ក្រុមការងារបានចុះធ្វើវេទិកាសាធារណៈ សរុបមានចំនួន២១៦លើក លើ៩៣ ឃុំ សង្កាត់ មានការចូលរួមពីក្រុមការងារចំនួន ២.៥៧៥នាក់ និងប្រជាពលរដ្ឋចំនួន ១១,១៨៣នាក់ ដោយប្រមូលបានបញ្ហា និងសំណូមពរចំនួន ៦៩៨ករណី ក្នុងនោះបានដោះស្រាយរួច ៤៧៦ករណី ហើយបាននិងកំពុងដោះស្រាយចំនួន២០៥ករណី និងមិនទាន់ដោះស្រាយបានមាន ១៧ករណី៕