(មណ្ឌលគិរី)៖ អគារមួយខ្នង៩បន្ទប់ និងបំពាក់សម្ភារការិយាល័យ ជាអំណោយរបស់កងទ័ព និងប្រជាជនវៀតណាម ខេត្តណាក់ណុង ត្រូវបានប្រគល់ជូនដល់សឹករងខេត្តមណ្ឌលគិរី ឱ្យប្រើប្រាស់​ជាផ្លូវការហើយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយចំណាយអស់ថវិកាជិត១០ម៉ឺនដុល្លារ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯក ថាយ ដាយង៉ុក មេបញ្ជាការយោធាខេត្តដាក់ណុង លោកវរសេនីយ៍ឯក តឿង សុនឡាយ ប្រធាននយោបាយខេត្តដាក់ណុង ព្រមទាំងនាយទាហាន នាយទាហានរងប្រមាណជាង១០០នាក់ផងដែរ។ លោក​ឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានថ្លែងថា មិនត្រឹមតែអាគារថ្មីមួយខ្នងនេះទេ ដែលទទួលបានការឧបត្ថមពីកងទ័ពប្រជាជនវៀតណាម តែកន្លងមកមេបញ្ជាការយោធាខេត្តដាក់ណុង តែងបានជួយជាសម្ភារ និងជំនួយផ្សេងៗដល់ តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ក្នុងឋានៈជាមិត្តដែលមានភូមិផងរបរជាប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ ពាក់ព័ន្ឋបញ្ហាសន្តិសុខ​តាមខ្សែបន្ទាត់ព្រំដែនរ​វាង​ខេត្តមណ្ឌលគិរី និងខេត្តដាក់ណុង ក៏មិនដែលមានបាតុភាពអ្វីកើតឡើង​ជាគួរឲ្យកត់សម្គាល់ដែរ ព្រោះយោធាខេត្តមណ្ឌលគិរីនឹងយោធាខេត្តដាក់ណុង បានធ្វើប្រតិបត្តិការរួមគ្នាដើម្បី រក្សាសន្តិសុខ​សណ្នាប់ធ្នាប់ព្រំដែន ។

អាគាររដ្ឋបាលដែលកងទ័ពប្រជាជនវៀតណាមខេត្តដាក់ណុង ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី មានប្រវែង៨.៨ម៉ែត្រ គុណ ៣០.៣ម៉ែត្រ ស្មើរ ២.៦៦៦ម៉ែត្រការ៉េ រួមមាន៩បន្ទប់ នឹងសម្ភារការិយាល័យ តាមបន្ទប់នីមួយៗ សរុបថវិកាអស់៩ម៉ឺនដុល្លារ។ កិច្ចសហការល្អរវាងប្រទេសទាំងពីរ ជាពិសេសចំណងមិត្តភាព​នៃកងទ័ពទាំងពីរដែលនៅជាប់​ភូមិផងគ្នាក៏ដូចប្រជាជន​ទាំងពីរទៀតផងដែរ បាននិងជំរុញបន្ត​ពង្រឹងសាមគ្គីភាពរួមគ្នាធ្វើការអភិវឌ្ឍន៍​លើវិស័យនានាឱ្យបានរីកចំរើន​ និងរួមគ្នាធ្វើការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នៅតាមបន្ទាត់ព្រំដែន ឈានទៅរកការ​ធានាសន្តិសុខជូនសង្គម​ជាតិរៀងៗខ្លួន៕