(បន្ទាយមានជ័យ)៖ កងទ័ពមានតួនាទីស្នូលក្នុងការរក្សាការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី។ តែក្រៅតែពីការងារស្នូលនេះ កងទ័ពក៏តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមផងដែរ ជាពិសេសនៅពេលប្រជាពលរដ្ឋមានទុក្ខ ឬជួបវិបត្តិ។

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចំនួន១២០នាក់ និងរថយន្តចំនួន ៩គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ពៅ លន់ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ បន្តចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ការងារក៏មានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានផងដែរ។

សកម្មភាពចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋរបស់កងកម្លាំងនៅក្នុងខេត្តបន្ទាយមានជ័យនេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់កងទ័ព ដែលតែងតែលះបង់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់ជាតិ និងសង្គម៕