(បន្ទាយមានជ័យ)៖ ដើម្បីឆ្លើយតបជាបន្ទាន់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយសារតែរដូវនេះជារដូវភ្លៀងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តាមភូមិ បានកើតជំងឺ គ្រុនឈីក និងគ្រុនឈាម ជាច្រើនភូមិកន្លងមក លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះធ្វើអន្តរគមន៍ស្រាវជ្រាវ ដាក់អាបែត បាញ់ថ្នាំអប់រំផ្សព្វផ្សាយ និងការលុបបំបាត់ជម្រកមូសខ្លា ដើម្បីការពារជំងឺគ្រុនឈីក និងគ្រុនឈាម នៅតាមសហគមន៍ នានាក្នុងខេត្ត។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងថា ជំងឺគ្រុនឈីកនេះកើតឡើងដោយវីរុស តាមរយៈមូសខ្លា ហើយជំងឺនេះកើតទៅលើមនុស្សចាស់ និងមនុស្ស ពេញវ័យ។ រោគសញ្ញាជំងឺគ្រុនឈីកនេះមានដូចជាជំងឺគ្រុនឈាម ដែលមានរោគសញ្ញាសំខាន់ ៣យ៉ាង គឺគ្រុនក្តៅចាប់៣ថ្ងៃ ហើយថ្ងៃទី៤ អ្នកដែលមានកើតគ្រុនឈីកនេះ និងឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែងមានស្នាមកន្ទួល ឬក្រហមលើស្បែក។ ជំងឺគ្រុនឈីកនឹងជំងឺគ្រុនឈាមនេះមិនបណ្ដាលឲ្យអ្នកជម្ងឺស្លាប់នោះទេ បើទៅព្យាបាលបានទាន់ ពេលវេលា លើកលែងតែមានជំងឺផ្សេងៗរួមផ្សំដូចជា ជំងឺគ្រុនចាញ់ ជំងឺរលាកស្រោមខួរជាដើមទើបអ្នកជំងឺស្លាប់។

លោក ឡេង ច័ន្ទសង្វាត បានឲ្យដឹងទៀតថា វិធានការការពារជំងឺគ្រុនឈីក និងគ្រុនឈាមនេះត្រូវបំបាត់ប្រភពដង្កូវទឹក មូសខ្លា ប្រមូលរាល់វត្ថុដក់ ទឹកយកទៅកម្ទេច ឬកប់ចោលបំបាត់គម្ពោតស៊ុបទ្រុប នៅជុំវិញផ្ទះ កុំដេកនៅទីងងឹតនៅពេលថ្ងៃត្រូវដេកក្នុងមុង កុមារមនុស្សចាស់ត្រូវស្លៀកពាក់សំលៀកបំពាក់ណាវែង ការពារមូសខាំ បើកទ្វាបង្អួចផ្ទះឲ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ដើម្បីដេញមូសខ្លា។ ការព្យាបាលជំងឺគ្រុនឈីកនេះគឺព្យាបាលទៅតាមរកសញ្ញាតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា បើប្រជាពលរដ្ឋណាសង្ស័យថាមានកើតជំងឺគ្រុនឈីក និងគ្រុនឈាមនេះប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីជួយសង្គ្រោះបានទាន់ ពេលផងដែរ៕