(ព្រះសីហនុ)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ចុះទៅធ្វើទស្សនកិច្ចដោយផ្ទាល់ និងទទួលការចែករំលែកបទពិសោធន៍បច្ចេកទេសក្នុងការស្តារ និងស្ថាបនាផ្លូវនៅក្រុងព្រះសីហនុ ដើម្បីដើម្បីជាមូលដ្ឋានក្នុងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់អភិបាលក្រុងសៀមរាប ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោក ទៀ សីហា បានថ្លែងអំណរគុណចំពោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លី រស្មី អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមការងារ ដែលបានចែករំលែកនូវបទពិសោធន៍បច្ចេកទេសជាច្រើនក្នុងការស្តារ និងស្ថាបនាផ្លូវនៅក្រុងព្រះសីហនុ ដល់ប្រតិភូមកពីខេត្តសៀមរាប។

អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា បទពិសោធន៍បច្ចេកទេសជាច្រើននេះបានផ្ដល់ជាមូលដ្ឋានមួយចំនួន ក្នុងការយកទៅអនុវត្តក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាចាប់ពី ១០០-១៥០ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។

ផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នោះ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដោយស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ សួនច្បារ និងសួនដាំដើមឈើជាដើម៕