(ប៉ៃលិន)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយលោក សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយឃុំស្ទឹងកាច់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៣៩គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ការជួយគ្នាក្នុងគ្រាលំបាក គឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋ ណាម្នាក់ ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។

លោកប្រធានបានបញ្ជាក់ថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីដ-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះអត់ការងារធ្វើ ចំណែកពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក្រុមគ្រួសាររបស់ពួកគាត់ ដូច្នេះជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់ ហើយបើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាម តំរូវការរបស់បងប្អូនក៍ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុ ពូ មីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្កបង្កើតផល ដាំ ដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រូសារឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មាន អនាម័យ ដោយត្រូវពាក់ម៉ាស់ពេលនៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួម បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ១៩។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះ ឆ្នោត តាមឃុំ/សង្កាត់រៀងៗខ្លួន ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ហើយក្នុងករណីមានចម្ងល់ រឺបញ្ហាផ្សេងៗ សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលបងប្អូនរស់នៅ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំស្ទឹងកាច់ ដែលបានទទួលអំណោយស្បៀងពីក្រុមការងារ គណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន មានចំនួន ៣៩គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ផងដែរ៕