(កំពង់ឆ្នាំង)៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងទឹកដី នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមើលទៅគួរឲ្យស្តែងណាស់ បង្កឡើយដោយរថយន្តបែនដឹកខ្សាច់មួយគ្រឿង បានបើកកៀរយុវជនមួយក្រុមដែលកំពុងឈរលើផ្លូវក្រាលក្រៅកៅស៊ូទាំងកំរោល បណ្ដាលឱ្យយុវជនម្នាក់ស្លាប់។

ក្នុងហេតុការណ៍នេះផងដែរ បើតាមវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook បានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តដឹកខ្សាច់បានបើកបរនៅលើផ្លូវក្រាល កៅស៊ូ បន្ទាប់ពីឃើញក្រុមយុវជនឈរនៅលើផ្លូវ អ្នកបើកបររថយន្តបានស៊ីផ្លេយ៉ាងខ្លាំងៗ ដើម្បីសុំផ្លូវ ភ្លាមៗនោះយុវជនទាំងអស់ដែលឈរនៅលើផ្លូវ ក៏បានចុះពីផ្លូវយ៉ាងលឿន តែនៅសល់យុវជនម្នាក់ចុះមិនទាន់ ក៏ត្រូវបានរថយន្តកៀរបោកទៅលើថ្នល់បណ្ដាលឲ្យស្លាប់។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អធិការនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះថា ករណីនេះបានកើត ឡើងនៅក្នុងភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ ទើបតែត្រូវបានគេយកមកបង្ហោះតាមបណ្ដាញសង្គមនេះទេ។

ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ នៅពេលកើតហេតុភ្លាមៗ ពុំមានភាគីណាបានរាយការណ៍មកសមត្ថកិច្ចនោះឡើយ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អិត សុធា បានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួន អ្នកបើករថយន្តយកមកផ្តន្ទាទោសតាមច្បាប់ហើយ៕