(កណ្តាល)៖​ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លូន នៅម៉ោង១១៖២០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង ០២នាក់ដែលបានឃាត់ខ្លួនខាងលើមានឈ្មោះ​ ១- ឈ្មោះ ញិន អែម ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិ កំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២- ឈ្មោះ ស៊ឹម វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ កំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយការឃាត់ខ្លួន កម្លាំងបានឆែករកឃើញនូវម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ ជញ្ជីងចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន១គ្រឿង (មិនស្គាល់ម៉ាក) ដែកកេះចំនួន១ និងម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ៩០ (គុបជ្រុង) ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្តាល1A-2949។

បើតាមសំដីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចេញល្បាត នៅចំណុចភូមិតាលន់ បានប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា២នាក់ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន១កញ្ចប់ធំ នៅឈ្មោះ ញិន អែម ហើយចុងក្រោយកម្លាំង ក៏បានឃាត់ខ្លួនអ្នកទាំង២ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។

ដោយឡែក យុវជន២នាក់ទៀតផងដែរ ត្រូវបានម្លាំង អធិការដ្ឋាននគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច​ភូមិ​កណ្តាល សង្កាត់វិហារលួង ក្រុងសួង នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នំា២០១៦។

បើតាមការឲ្យដឹងពីសមត្ថកិច្ច ដែលចុះប្រតិបត្តការបង្រ្កាបនេះ បានប្រាប់ថា ​មុនឈានដល់ការឃាត់ខ្លួន គឺខាងកម្លាំង​បានឃើញបុរសទាំង២នាក់ ជិះម៉ូតូមួយគ្រឿងគួរឲ្យសង្ស័យ ពេលឃើញដូចនោះខាងកម្លាំ ងបានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពីនិត្យ ហើយភ្លាមនោះខាងកម្លាំងបានឆែក រកឃើញ​ជញ្ជីងថ្លឹង អេឡិចត្រូនិចមួយ​ដែកកេះសំរាប់ជក់ថ្នាំ២ សំបកថង់សំរាប់ច្រកថ្នាំញៀន​មួយចំនួន ដាវសាមារ៉ៃ១ និងម៉ូតូមួយគ្រឿងម៉ាក​អ៊ែរប្លែក​ផងដែរ។

សមត្ថកិច្ចបានបន្តទៀតថា ជនដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ គឹម សុភី​ ភេទប្រុស​អាយុ ២០ឆ្នាំ​ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្ត​កំពង់ចាម​ ទី២ឈ្មោះ ចាន់គឹមម៉េង ភេទប្រុស​អាយុ ២១ឆ្នាំ​រសនៅភូមិឃុំជាមួយគ្នា។​​ បច្ចុប្បន្នយុវជនទាំងសង្ស័យ២នាក់ រួមទាំងវត្ថុតាងត្រូវបាន ​នាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង​ ​ដើម្បីចាត់ការតាម​នីតិវីធី៕

Posted by Fresh News Photo on Monday, February 1, 2016