(ភ្នំពេញ)៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនបុរសម្នាក់សង្ស័យមានសតិមិនប្រក្រតី ដើម្បីបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ក្រោយបុរសរូបនេះបានបង្កការរំខានដល់អ្នកជិតខាង នៅចំណុចក្បែររង្វាន់មូលផ្សារដើមថ្កូវ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើឈ្មោះ ឆាយ ឧត្ដម អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៤៩៦ ក្រុម១០ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក សូ សំបាន នាយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឲ្យដឹងថា ប្រជាពលរដ្ឋអ្នកជិតខាងបានប្ដឹងសុំអន្ដរាគមន៍ពីកម្លាំងនគរបាល ក្រោយបុរសខាងលើបង្កការរំខានស្ទើរាល់ថ្ងៃ។ ក្រោយទទួលពាក្យបណ្ដឹង កម្លាំងនគរបាល បានចុះទៅកន្លែងកើតហេតុ តាំងពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ប៉ុន្ដែបុរសនោះចាក់សោពីក្នុង។ រហូតដល់ព្រឹកមិញនេះ បុរសដែលសតិមិនគ្រប់នោះ បានដើរចេញពីផ្ទះ សមត្ថកិច្ចក៏បានឃាត់ខ្លួនតែម្ដង។

បន្ទាប់ពីឃាត់ខ្លួនមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កម្លាំងជំនាញបានពិនិត្យទឹកនោមបុរសខាងលើ រកឃើញមានសារធាតុញៀន និងបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ៕