(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ ឱ្យបន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ធម្មជាតិនានានៅប្រទេសកម្ពុជា ដើម្បីជាការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្តីវ័យក្មេង បានធ្វើឡើងក្នុងឱកាសដែលក្រសួង បរិស្ថានរៀបចំការជួបជុំសំណេះសំណាលជាមួយអ្នកថតរូប នាល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកថតរូបជាច្រើននៅកម្ពុជា លោក សាយ សំអាល់ បានថ្លែងអំណរគុណដល់អ្នកថតរូបទាំងអស់ ដែលខិតខំព្យាយាមផ្ដិតយករូបភាពស្អាតៗ នៅតាមតំបន់ធម្មជាតិនានាទូទាំងប្រទេសកម្ពុជា។

លោក សាយ សំអាល់ បានបញ្ជាក់ថា នេះជាការបង្ហាញពីស្មារតីស្នេហាជាតិមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដែលពោរពេញដោយសមត្ថភាព តាមការផលិតនូវរូបភាពស្អាតប្រណីត ដើម្បីបង្ហាញបន្តជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានឃើញពីភាពអស្ចារ្យនៃសម្រស់តំបន់ធម្មជាតិរបស់កម្ពុជា។

លោក សាយ សំអាល់ បានលើកឡើងថា តាមរយៈរូបភាពកន្លងមករបស់អ្នកថតរូបកម្ពុជា ពិតជាមានសារៈប្រយោជន៍ជាខ្លាំង ក្នុងការជួយផ្សព្វផ្សាយជូនសារធារណៈជនកម្ពុជាទាំងអស់ ហើយសកម្មភាពនេះក៏បានបង្ហាញពីការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ក្រៅពីលើកឡើងជាការលើកទឹកចិត្ត ក្រសួងបរិស្ថានក៏បានប្រគល់ជូន បណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់ថតរូបជាច្រើនផងដែរ។

ក្នុងកម្មវិធីដដែលនេះ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក៏បានបញ្ជាក់ដែរថា ក្រសួងនឹងពង្រឹងកិច្ចការងារអភិរក្សតំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរតាមរយៈមន្រ្តីអភិរក្សដែលមានសព្វថ្ងៃ ហើយលោកឯកឧត្តមក៏សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបបង្ហាញភាពស្រឡាញ់ចំពោះតំបន់ធម្មជាតិរបស់យើង និងចូលរួមការពារទាំងអស់គ្នា៕