(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ/សង្កាត់រៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរផងដែរ។

ថ្លែងនាឱកាសអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់ប៉ៃលិន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រកាន់សិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ដោយការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈ ជាសកលផង និងមានលក្ខណៈជាអសកលផង។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ សូមប្រញាប់រួសរាន់ទៅធ្វើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះគ្រប់ឃុំ-សង្កាត់ក្នុងខេត្ត ដោយមានរយៈពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែតុលា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយក្នុងករណីមានចម្ងល់ ឬបញ្ហាផ្សេងៗ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលបងប្អូនរស់នៅ។

បើតាមរបាយការណ៍របស់លោក ប៉ាវ សុខមាន ប្រធានលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឲ្យដឹងថា ទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់ ចំណែកខេត្តប៉ៃលិន ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩ មានចំនួន ៣៩,៥១១នាក់៕