(កំពង់ធំ)៖ សភាពពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ បានប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀងបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍វិនិយោគ ក្នុងការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ដើម្បីទាក់ទាញវិនិយោគិន។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីសមាជិកសភាពាណិជ្ជកម្ម និងតំណាងមីក្រូហិរញ្ញវត្ថុជាច្រើន ក្នុងខេត្តទាំងពីរ។

លោកឧកញ៉ា ហេង សំណាង បានធ្វើរបាយការណ៍ពីសកម្មភាពរបស់សភាពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ គឺការប្រកាសជាផ្លូវការផ្សព្វផ្សាយ ស្ដីពីកិច្ចសហប្រតិបត្តិការរៀបរៀងបោះពុម្ពផ្សាយ សៀវភៅមគ្គទេសន៍វិនិយោគខេត្តកំពង់ធំ-ព្រះវិហារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ដល់អ្នកវិនិយោគនៅចំណុចសំខាន់ៗដល់ខេត្តទាំងពីរ ដើម្បីទាក់ទាញការចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគបន្ថែម បង្កើនកម្លាំងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបន្តថា សភាពាណិជ្ជកម្មកំពង់ធំព្រះវិហារ មានអនុក្រឹត្យទទួលស្គាល់សមាជិកជ្រើសតាំងរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០៣ ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០ និងប្រកាសស្តីពីការទទួលស្គាល់សមាសភាពការិយាល័យប្រតិបត្តិ និងសមាជិកទីប្រឹក្សារបស់ក្រសួងពាណិជ្ជកម្មលេខ១៩៩ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ សៀវភៅមគ្គទេសក៍វិនិយោគ នឹងត្រូវរៀបរៀងជាពីរភាសា (ភាសាខ្មែរ និងអង់គ្លេស) ដោយកម្រាស់សៀវភៅមានចំនួនជាមធ្យម ១២០ទំព័រសម្រាប់ខេត្ត និងអាចលើសជាងនេះចំពោះមណ្ឌលខេត្ត។

លោកឧកញ៉ា ងួន ម៉េងតិច បានកោតសរសើរដល់សភាសភាពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនទៀត ព្រោះថាសក្តានុពលសម្រាប់ខេត្តកំពង់ធំ និងព្រះវិហារ មានវិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចក្នុងខេត្តទាំងពីរ ដូចជាដំណាំស្វាយចន្ទី កៅស៊ូ ដំឡូងមី កៅស៊ូ ស្រូវ និងដំណាំផ្សេងៗទៀតរាប់ម៉ឺនហិចតា មិនតែប៉ុណ្ណោះមានសក្តានុពលផ្នែកវិស័យទេសចរណ៍ និងវិស័យរ៉ែជាដើម។

លោកឧកញ៉ាបានផ្តាំផ្ញើដល់សមាជិកសភាពាណិជ្ជកម្មទាំងអស់ ត្រូវចេះសហការផ្ទៃក្នុង និងស្មោះត្រង់រវាងគ្នានិងគ្នា ដើម្បីរៀបចំឲ្យមានព័ត៌មានអាជីវកម្ម ដោយការបង្ហាញពីសក្តានុពលរបស់ខេត្ត សមាជិក បណ្តាញអាជីវកម្ម និងឧបករណ៍គាំទ្រនានាពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធសម្រួល ដល់សហគ្រិន អ្នកវិនិយោគ នូវព័ត៌មានអាជីវកម្ម ដោយការលើកកម្ពស់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ដើម្បីទាក់ទាញវិនិយោគិន អ្នកជំនួញ ឲ្យទទួលបានឱកាសវិនិយោគថ្មីៗ ក្នុងន័យបំពេញតម្រូវការអភិវឌ្ឍរបស់ខេត្ត៕