(ព្រៃវែង)៖ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារស្រុកបាភ្នំ បានជួបប្រជុំត្រួតពិនិត្យការងារក្នុងខែកញ្ញាកន្លងទៅ ព្រមទាំងលើកទិសដៅការងារសម្រាប់រយៈពេល នៅខែខាងមុខ។

កិច្ចប្រជុំនេះ ដែលដឹកនាំដោយលោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងដោយមានការចូលរួមពីអស់លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារស្រុក ដែលជាមន្ត្រីនៅថ្នាក់ជាតិ ខេត្ត ស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋានភូមិ-ឃុំមានជាអាទិ៍ មេឃុំ ជំទប់ឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិទាំងអស់នៅក្នុងស្រុក សរុបចំនួនប្រមាណជាង ៤០០នាក់ បានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ។

បន្ទាប់ពីអង្គប្រជុំបានស្តាប់ និងចូលរួមពិភាក្សាលើរបាយការណ៍សកម្មភាព របស់ក្រុមការងារស្រុកបាភ្នំ ក្នុងរយៈពេលកន្លងមក ដែលរាយការណ៍សង្ខេបដោយលោក ម៉ៅ អ៊ាង អនុប្រធានក្រុមការងារស្រុករួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកបានធ្វើការបូកសរុប វាយតម្លៃសកម្មភាពការងារសម្រចបានកន្លងទៅដែលរួមមានជាអាទិ៍៖

* ការចុះជួបប្រាស្រ័យជាប្រចាំតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីរក្សាការផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានក៏ដូចជាបងប្អូនកម្មករ ពលករចំណាកស្រុក សំដៅស្វែងយល់ការលំបាករបស់ពួកគាត់ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩។

* ការពុះពារតាមវិធីផ្សេងៗ ដើម្បីជួយសម្រាលការលំបាកខ្វះខាត ចំពោះអ្នកដែលជាមុខសញ្ញាងាយរងគ្រោះ ដូចជាបងប្អូនកម្មករ ពលករចំណាកស្រុកបាត់បង់ការងារ ដែលកំពុងរស់នៅមូលដ្ឋាន (មានចំនួនប្រមាណជាង ៦០០នាក់)។

* ការឆ្លៀតឱកាសរាល់ពេលជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយសភាពការណ៍ប្រទេសជាតិ សំដៅពង្រឹងស្មារតីយោគយល់ពីការលំបាករួម និងលើកកម្ពស់ជំនឿចិត្តរឹងមាំលើកម្លាំងខ្លួនឯង លើកម្លាំងសាមគ្គីប្រជាជាតិ ទាំងមូលក្រោមការដឹកនាំរបស់គណបក្ស និងរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីនាំសង្គមជាតិទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញឆាប់រហ័ស។

ចំពោះទិសដៅការងារបន្ត លោកប្រធានក្រុមការងារស្រុក បានសង្កត់ធ្ងន់ថា ដោយផ្អែកលើអ្វីដែលយើងសម្រចបានកន្លងទៅ យើងត្រូវបន្តពង្រីកស្នាដៃ និងពិសោធន៍ការងារ ដើម្បីជម្នះការលំបាក និងរាល់បញ្ហាប្រឈម ពិសេសផលប៉ះពាល់ដែលបង្កដោយវិបត្តិកូវីដ១៩ សំដៅបន្តរួមចំណែកកាន់តែខ្លាំងក្លាថែមទៀត ទៅក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់អនាគតថ្កុំថ្កើងរុងរឿងរបស់មាតុភូមិយើង។