(ភ្នំពេញ)៖ លោក អ៉ី រិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំពិធីធ្វើបទបង្ហាញស្តីពីការសម្អាតប្រាក់ និងការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ក្រោមអធិបតីលោក ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃក្រសួងយុត្តិធម៌។

ក្នុងពិធីនោះដែរ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកអង្គពិធីបទបង្ហាញ ដែលមានបទបង្ហាញចំនួន៤ រួមមាន៖

* ទី១៖ ទិដ្ឋភាពទូទៅនៃការសម្អាតប្រាក់
* ទី២៖ ប្រសិទ្ធភាពនៃការស៊ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់
* ទី៣៖ ការផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ
* ទី៤៖ ការរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងប្រព្រឹត្តិបទល្មើស ឬផលនៃបទល្មើស។

បទបង្ហាញចំនួន៤នេះ បានបង្ហាញដោយចៅក្រម ព្រះរាជអាជ្ញារង ដែលក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្ដី ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា នៃសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងពិធីជាបន្តបន្ទាប់ លោក ប៉ែន ពេជ្រសាលី បានកោតសរសើរអយ្យការ និងសាលាដំបូងរាជធានី ដែលបានចាត់ការរឿងក្ដីទាក់ទងការសម្អាតប្រាក់នេះទទួលបានលទ្ធផលល្អ ហើយជាការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការសម្អាតប្រាក់នៅកម្ពុជា ក្នុងតំបន់ ក៏ដូចជាពិភពលោក។

លោកថា «គោលបំណងនៃការរៀបចំពិធីបទបង្ហាញ និងផ្សព្វផ្សាយច្បាប់នេះ គឺការចែករំលែកពុទ្ធិចំណេះដឹង និងបទពិសោធន៍ល្អជូនដល់សិក្ខាកាម ដែលជាអនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ប្រធានការិយាល័យ និងសិស្សចៅក្រមជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុង សម្រាប់យកទៅអនុវត្តក្នុងការងារឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងដែនសមត្ថកិច្ចរាជធានីភ្នំពេញ ក៏ដូចជាក្នុង ព្រះរាជណាចក្រកម្ពុជាផងដែរ»

ពិធីបទបង្ហាញបានប្រព្រឹត្តទៅពេញមួយព្រឹក ដោយមានវាគ្មិនឧទ្ទេសនាម ជាចៅក្រម ព្រះរាជអាជ្ញារង នៃក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្ដីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា នៃសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងសំណួរចម្លើយពីអ្នកចូលរួម។

មុនការបញ្ចប់កម្មវិធី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទកម្មវិធី ជាមួយនឹងការកោតសរសើរចំពោះវាគ្មិនក្រុមឧទ្ទេសនាម និងប្រកាសប្រឹងប្រែងបន្តចាត់ការរៀងក្ដីសម្អាតប្រាក់ជាបន្តទៀតដោយភាពត្រឹមត្រូវ មានសង្គតភាព ដើម្បីធានាបាននូវការទប់ស្កាត់ និងបង្ក្រាបបទល្មើស៕