(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើទី២៤ (24th AFMM), កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី ៦ (6th AFMGM) និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាល មកពីបណ្តាប្រទេសពីអាស៊ាន, បណ្តាប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ានលើទី២៤ នេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានធ្វើការកត់សម្គាល់ លើការធ្វើបទបង្ហាញ របស់បណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្តីពីការវិវត្តនៃស្ថានភាព និងទស្សន វិស័យសេដ្ឋកិច្ចពិភពលោក និងតំបន់, ហានិភ័យ និងបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍គោល នយោបាយនានា នៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការ ដាក់ចេញនូវវិធានការ និងគោលនយោបាយនានា សំដៅដោះស្រាយនូវបញ្ហាប្រឈមក៏ដូចជាកាត់ បន្ថយនូវហានិភ័យទាំងនោះ ជាពិសេសផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយជំងឺកូវីដ ១៩ មកលើសង្គម និងសេដ្ឋកិច្ច របស់ប្រទេស ជាសមាជិកអាស៊ាន សំដៅកាត់បន្ថយការធ្លាក់ចុះ និងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន នៅក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំលើកទី ២៣ ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន, កិច្ចសហប្រតិបត្តិការធានារ៉ាប់រង, ការអភិវឌ្ឍទីផ្សារមូលបត្រ, កិច្ចសហប្រតិបត្តិការគយ និងពន្ធដារ រួមទាំងកិច្ចការពាក់ព័ន្ធ នឹងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន មួយចំនួនទៀត ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅលើវិស័យហិរញ្ញវត្ថុ សំដៅទទួលបាននូវប្រព័ន្ធហិរញ្ញវត្ថុ តំបន់មួយដែលមានលក្ខណៈធន និងរឹងមាំ ជាពិសេសក្នុងដំណាក់កាល នៃវិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ន។

ផ្អែកលើស្ថានភាពតំបន់ ដែលកំពុងខ្វះខាតនូវហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការស្តាសេដ្ឋកិច្ចពីវិបត្តិកូវីដ កិច្ចប្រជុំ ក៏បានស្វាគមន៍ លើការបញ្ចប់របាយការណ៍ ស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន ដែលរបាយការណ៍នេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ សម្រាប់អាស៊ាន ក្នុងការបង្កើនសមត្ថភាព ផ្តល់ហិរញ្ញប្បទាន តាមរយៈការពង្រឹងសមត្ថភាព ក្នុងការអភិវឌ្ឍសញ្ញាបណ្ណរដ្ឋាភិបាល និងបានបញ្ជាក់អំពីការប្តេជ្ញា ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការ បន្ថែមដោយឈលើគោលជំហរ ជួយគ្នាទៅវិញទៅមក ក្នុងការជំរុញការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចីរភាពនេះ។ បន្ថែមពីនេះ បណ្តារដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ាន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹង កិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មក្នុងបរិបទ នៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថលផងដែរ។

ក្រៅពីនេះ លោក វង្សី វិស្សុត ក៏បានចូលរួមកិច្ចប្រជុំ រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារ កណ្តាលអាស៊ាន ជាមួយវិស័យឯកជន ដើម្បីពិភាក្សា លើចំណុចសំខាន់ៗ មួយចំនួនដូចជា ការផ្តល់ហិរញ្ញប្បទាន ក្នុងតំបន់អាស៊ាន ប្រកបដោយចីរភាព, ហិរញ្ញវត្ថុឌីជីថល, បរិយាប័ន្នហិរញ្ញវត្ថុ និងការតភ្ជាប់ពាណិជ្ជកម្ម ឌីជីថលក្នុងតំបន់អាស៊ានជាដើម។

ក្នុងកិច្ចប្រជុំជាមួយវិស័យឯកជននេះ លោក វង្សី វិស្សុត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយនានា សំដៅធានានូវស្ថេរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្តល់បរិយាកាសវិនិយោគល្អប្រសើរ ដើម្បីលើកស្ទួយការចូលរួម របស់វិស័យឯកជនក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយ្នាប័នរបស់កម្ពុជា ជាពិសេសការដាក់ចេញនូវវិធានការទាំង ៦ជុំរបស់រដ្ឋាភិបាល សំដៅជួយរក្សាលំ នឹងផលិតកម្ម និងអាជីវកម្ម ចំពោះវិស័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយរក្សាលំនឹងជីវភាព ប្រជាជនក្នុងកម្រិតអប្បបរមាមួយ (មិនឱ្យអត់បាយ) ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាព វិលទៅរកជីវភាពជាធម្មតាវិញ នៅពេលផុតពីជំងឺនេះ ក៏ដូចជាការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច នៅពេលជំងឺកូវីដ-១៩ មានការថមថយ និងផុតរលត់៕