(ស្វាយរៀង)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋចំនួន២គ្រួសារ នៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុង-ខេត្តស្វាយរៀង ដែលអូសបន្លាយអស់រយៈពេល២០ឆ្នាំ រហូតប្តឹងទៅតុលាការទៀតនោះ ត្រូវបានបញ្ចប់ដោយជោគជ័យក្រោមការសម្របសម្រួលឈ្នះឈ្នះពីសំណាក់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ក្រោយពីភាគីដើមបណ្ដឹងបានស្នើសុំអន្តរាគមន៍ពីលោក ឌី វិជ្ជា ដោយផ្ទាល់កាលពីសប្តាហ៍មុន និងទទួលឯកសារសំណុំរឿងរួច លោកក៏បានស្នើដល់អាជ្ញាធរដែនដីធ្វើការត្រួតពិនិត្យ និងដោះស្រាយឡើងវិញ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រម សាលាដំបូងខេត្តស្វាយរៀង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ក្រុមការងារបានចុះទៅពិនិត្យដល់ទីតាំងកើតមានទំនាស់រវាងភាគីឈ្មោះ ម៉ិល ធឿន និងភាគីឈ្មោះ ចាន់ សាវ៉ាន់ រួមទាំងការធ្វើអត្តសញ្ញាណដីទំនាស់ បានរកឃើញថាភាគីឈ្មោះ ម៉ិល ធឿន បានរស់នៅលើដីចំណីព្រែក បានចាក់ដីចូលទៅលើព្រំដីឈ្មោះ ចាន់ សាវ៉ាន់ បន្ថែមទៀត។

ក្រោយពីបានចុះពិនិត្យរួច ក្រុមការងារបានហៅភាគីទាំង២ មកសម្របសម្រួលពន្យល់ណែនាំទាំងផ្លូវច្បាប់ និងភាពជាក់ស្តែងរួចមក ភាគីទាំង២ បានយល់ព្រមបញ្ចប់ទំនាស់ដោយភាគីឈ្មោះ ម៉ិល ធឿន យល់ព្រមប្រគល់ដីស្រែទំនាស់ឱ្យភាគី ចាន់ សាវ៉ាន់ ហើយភាគី ម៉ិល ធឿន ត្រូវធ្វើពាក្យស្នើសុំខ្ចីដីចំណីព្រែកដែលខ្លួនអាស្រ័យផលមកចៅសង្កាត់ ព្រមទាំងធ្វើកិច្ចសន្យាព្រមព្រៀង បញ្ចប់ទំនាស់ដីធ្លី និងដកពាក្យបណ្តឹងទាំងសង្ខាង នៅទីតាំងទំនាស់ចាប់ពីពេលនេះតទៅ ប្រកបដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវ។

លោកបានបញ្ជាក់ថា យុទ្ធសាស្ត្រឈ្នះឈ្នះតាមការណែនាំរបស់លោក ឌី វិជ្ជា ទទួលបានស្នាមញញឹម និងភាពសុខដុមរម្យនាទាំងអស់គ្នាអរគុណសន្តិភាព៕