(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មន្ដ្រីថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិចំនួន៤៥សហព័ន្ធ បានចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំ ពានរង្វាន់អត្តពលិកឆ្នើម ប្រចាំឆ្នាំ២០១៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក Nuno Bastos នាយកផ្នែករៀបចំកម្មវិធីកម្សាន្ដ របស់សណ្ឋាគារណាហ្គាវើល ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា “នេះជាលើកដំបូងហើយ ដែលកម្ពុជារៀបចំឲ្យមានពានរង្វាន់ សម្រាប់ អត្តពលិកឆ្នើម ខណៈប្រទេសជាច្រើនលើពិភពលោក គេបានរៀបចំកម្មវិធីនេះជាយូរមកហើយ ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី អភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ តាមរយៈការលើកទឹកចិត្ត, ផ្ដល់គុណតម្លៃចំពោះការខិត ខំប្រឹងប្រែងរបស់អត្តពលិកជាតិ, ដើម្បីទាក់ទាញ ការគាំទ្រពីវិស័យឯកជន និងសប្បុរសជនដល់វិស័យកីឡា និងដើម្បី ជំរុញទឹកចិត្តឲ្យអត្តពលិកជាតិខិតខំប្រឹងប្រែងបន្ដបង្កើតឧត្តមភាព និងបំបែកឯតទគ្គកម្មជាតិ-អន្ដរជាតិ” ។

ចំពោះលក្ខណៈជ្រើសរើសអត្តពលិកឆ្នើមវិញ លោក វ៉ាត់ ចំរើន បានបញ្ជាក់រួមមាន ការជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ ដែលធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ, កីឡាករ-កីឡាការិនី ដែលមានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រ ពីទស្សនិកជន, ការជ្រើសរើសគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ សម្រាប់គ្រូបង្វឹកជនជាតិខ្មែរដែលមានសមត្ថភាពក្នុងការធ្វើឲ្យកូនសិស្ស អាចដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ និងមានផែនការហ្វឹកហាត់ ច្បាស់លាស់ដល់សិស្ស ឬគ្រូបង្វឹក ដែលមានប្រជាប្រិយភាព, ការជ្រើសរើសអត្ថបទល្អ ដែលអ្នកសារព័ត៌មាន សរសេរពីអត្ថបទព័ត៌មានកីឡា និងមានភាពទាក់ទាញបំផុតសម្រាប់ឆ្នាំ២០១៥ ក៏ដូចជាជ្រើសរើសរូបភាពស្អាតជាងគេ ដែលអ្នកសារព័ត៌មានថតបានផងដែរ ។

សម្រាប់ប្រាក់រង្វាន់វិញ រួមមាន រង្វាន់កីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ និង ពានកិត្តិយស១, កីឡាករ-កីឡាការិនីឆ្នើមជនពិការ ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ និងពានកិត្តិយស១, គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ និងពានកិត្តិយស១, កីឡាករ-កីឡាការិនី ដែលមានប្រជា ប្រិយភាពជាងគេ ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ ។
ដោយឡែកប្រាក់រង្វាន់អ្នកសារព័ត៌មាន មានដូចជា អត្ថបទទាក់ទាញការគាំទ្រច្រើនជាងគេ ទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ និងពានកិត្តិយស១ រីឯរូបភាពល្អ នឹងទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ និងពានកិត្តិយស១ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ចំពោះលក្ខខណ្ឌនៃការបោះឆ្នោតជ្រើសរើសអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៥ នឹងត្រូវចាប់ផ្ដើម ពីពេលនេះតទៅ រហូតដល់ម៉ោង១២យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ ហើយក៏មានកម្មវិធីផ្ដល់រង្វាន់ជ័យលាភី នៅរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ផងដែរ នៅសណ្ឋាគារណាហ្គាវើល ៕