(ភ្នំពេញ)៖ បុរសម្នាក់ប្រុងលោតសម្លាប់ខ្លួនពីលើអគារកម្ពស់ ៣ជាន់ នៃសាលាអន្តរជាតិ World ស្ថិតនៅផ្លូវលេខ២៣០ ហៅផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ តែត្រូវបានកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះទាន់ពេលវេលា។

តែទោះយ៉ាងណាក៏ដោយោ ការប៉ុនប៉ងលោតសម្លាប់ខ្លួននេះ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដរបស់ជនរងគ្រោះនោះឡើយ។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលផែនក្រុម៧១១ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ សុខ ឧត្តម អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយស្នាក់នៅផ្ទះជួលម្ដុំផ្សារបឹងឈូក។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានបញ្ជូនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍ នឹងទាក់ទងទៅខាងសាលាខណ្ឌ ដើម្បីឲ្យបញ្ជូនជនសង្ស័យខាងលើ ទៅកាន់មន្ទីរសង្គមកិច្ចនិតីសម្បទា៕