(កណ្ដាល)៖ គិតចាប់ពីថ្ងៃចាប់ផ្ដើមផ្ទុះករណីជំងឺគ្រុនឈីកទៅលើពលរដ្ឋភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលកើតការសង្ស័យលើពលរដ្ឋ១៥៦នាក់ ក្នុងចំណោម៣២០នាក់ មកពិនិត្យសេវា ក្នុងនោះមានតែ១៩នាក់ រកឃើញថា មានគ្រុនឈីក ពេលនេះត្រុវបានមន្រ្តីសុខាភិបាលបញ្ជាក់ថា បានជាសះស្បើយចំនួន១៧នាក់ នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកល្វាឯម ខេត្តកណ្ដាល។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា «រហូតមកដល់ថ្ងៃនេះ អ្នកជំងឺចំនួន១៧ នាក់ជាសះស្បើយ ហើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល និងតាមដានបន្តទៀត»

គួររម្លឹកថា ករណីគ្រុនឈីកផ្ទុះនៅឯស្រុកល្វាឯម បានកើតឡើងភ្លាមៗនៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ហើយត្រូវបានក្រុមមន្ត្រីសុខាបាល អភិបាលស្រុកល្វាឯម ស្នងការនគរបាលខេត្ត បានចុះទៅដល់ទីតាំងកើតហេតុទាំងយប់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។

នៅថ្ងៃទី២៧ ខែកញ្ញា អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ, លោកឧត្តមសេនីយ៍ស្នងការ និងលោក កន សុកកាយ អភិបាលស្រុក បានចុះទៅម្ដងទៀត ដើម្បីសួរសុខទុក្ខ ក្រោមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និងបានឧបត្ថម្ភថវិកាដល់ពលរដ្ឋគ្រប់ៗគ្នាផងដែរ៕