(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍ ច្បារអំពៅ២ នៃអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជាក់ស្ដែងលើជនសង្ស័យ ចំនួន២នាក់ ហើយរកឃើញគ្រឿងញៀន (សង្ស័យថ្នាំញៀន) ចំនួន១៩កញ្ចប់ថង់តូចៗ ដែលកំពុងធ្វើសកម្មភាពជួញដូរ។

នេះបើតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ពីសំណាក់លោកវរសេនីយ៍ទោ អ៊ំ រតនា នាយប៉ុស្ដិ៍ច្បារអំពៅ២ ដែលស្ថិតក្រោមការដឹកនាំបញ្ជាដោយលោកអធិការនគរបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ។

នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ លោកវរសេនីយ៍ទោ អ៊ំ រតនា បានឲ្យដឹងថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជាក់ស្ដែងលើជនសង្ស័យទាំង២នាក់ ដែលជួញដូរគ្រឿងញៀននេះ បានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ លំ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ នាព្រលប់ៗថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០។

លោកបន្តថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានក្នុងសកម្មភាពជួញដូរថ្នាំញៀនមានឈ្មោះ វែង វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកម្នាក់ទៀតឈ្មោះ ហេង សាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង២នាក់ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ បានឲ្យដឹងទៀតថា មុនឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជួញដូរថ្នាំញៀននេះដែរ គឺផ្ដើមឡើងដោយសារកម្លាំងនគរបាលប៉ុស្ដិ៍តែងតែធ្វើសកម្មភាពយាមល្បាតពួនស្ទាក់តាមគោលដៅនិមួយៗដូចសព្វដង ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ តាមការណែនាំពីលោកអធិការនគរបាលខណ្ឌច្បារអំពៅ ទើបអាចឈានដល់ដាក់ការសង្ស័យកំណត់មុខសញ្ញាឃាត់ខ្លួន ហើយរកឃើញវត្ថុតាងគ្រឿងញៀន (សង្ស័យថ្នាំញៀន) ចំនួន១៩កញ្ចប់ថង់តូចៗ ដែលកំពុងសង្ងំធ្វើសកម្មភាពជួញដូរ។

យ៉ាងណាក៏ដោយ ពេលនេះជនសង្ស័យទាំង២នាក់ ជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងការរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕