(កំពង់ឆ្នាំង)៖ ភ្នំកង្រី គឺជាភ្នំមួយបង្កប់រឿង ព្រេងនិទានប្រវត្តិសាស្ត្ររបស់ខ្មែរគឺ «រឿងពុទ្ធិសែននាងកង្រី» ដែលភ្នំមួយនេះមានទំហំរាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំត្រងិល និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ដោយត្រូវធ្វើដំណើរឆ្លងកាត់ទន្លេចំនួន ៣ទើបទៅដល់ភ្នំនេះ។

ភ្នំនាងកង្រីនេះបើគេសំឡឹងមើល ពីមាត់ទន្លេផ្សារក្រោមក្នុងទីរួមខេត្តកំពង់ឆ្នាំងទៅ គេនឹងឃើញតួភ្នំនាងកង្រីដូចរូបរាងមនុស្សស្រីដេកផ្កាប់មុខ មានសក់ក្បាល ចង្កេះ គូថ និងជើង ដែលនៅក្នុងរឿងព្រេងនិទានបុរាណ បាននិយាយថា សពនាងកង្រីស្លាប់ទៅ បានកើតទៅជាភ្នំមួយនេះ។

ដោយឡែកចំពោះរឿងព្រេងនិទាន ពាក់ព័ន្ធនឹងភ្នំនាងកង្រី ដែលជាភ្នំប្រវត្តិសាស្ត្រនេះ លោកតា អោក ហួត អាយុ៦៧ឆ្នាំ ជាប្រធានអាចារ្យស្រុកកំពង់លែង និងជាជំទប់ទី១ ឃុំតាងិល បានឲ្យដឹងថា រឿងព្រេងនិទានពីបុរាណ រឿងភ្នំនាងកង្រី មានប្រវត្តិវែងឆ្ងាយណាស់ទាក់ទង និងទីកន្លែង និងឈ្មោះទីតាំងមួយចំនួន ដែលមានឈ្មោះហៅមកដល់សព្វថ្ងៃនេះ គឺលោកតាចាំមិនអស់ទេ គ្រាន់តែបានចងចាំខ្លះៗដោយឮតាមការតំណាលតៗពីដូនតាមកតែប៉ុណ្ណោះ។

ប្រវត្តិរឿងនិទានអំពី ភ្នំនាងកង្រីនេះដែរ បើតាមការស្រាវជ្រាវឯកសារខ្លះៗ និងតាមការរៀបរាប់ឲ្យដឹងអំពីចាស់ៗនៅក្នុងភូមិមានរឿងតំណាលថា កាលពីដើមឡើយមានកសិករពីរនាក់ប្តីប្រពន្ធមានកូន ១២នាក់។ ដោយមិនអាចចិញ្ចឹមកូនទាំង១២នាក់នេះបាន ទាំងពីរនាក់ប្តីប្រពន្ធបានគិតគ្នាថា នឹងយកកូនទាំង១២ នាក់ទៅបោះបង់ចោលក្នុងព្រៃ។ គិតរួច ទាំង២នាក់ប្តីប្រពន្ធក៏នាំកូនទាំង១២ដើរចូលទៅក្នុងព្រៃ ដោយមានបង្វិចបាយម្ហូបជាច្រើន។

ពេលនាំគ្នាដើរដល់ព្រៃជ្រៅ ២នាក់ប្តីប្រពន្ធបានប្រាប់កូនថា ពួកកូនៗនៅចាំពុកម៉ែនៅកន្លែងនេះហើយ ពុកម៉ែមានការទៅទីនោះមួយភ្លែត បន្តិចទៀតនឹងមករកកូនវិញ។

នាងទាំង១២នាក់ ដោយចាំពុកម៉ែយូរថ្ងៃពេកមិនឃើញពុកម៉ែមករកពួកគេ ហើយបាយម្ហូបក៏អស់ទៀត ទើបពួកនាងសម្រេចចិត្តនាំគ្នាដើរបន្តទៅមុខ ដើម្បីរកពុកម៉ែរបស់ពួកគេ រហូតដល់បានជួបជាមួយយក្សសន្ទមា ដែលកំពុងដើររកអាហារ។ យក្សសន្ទមា ក្រោយពីបានឃើញពួកនាងទាំង ១២ហើយ ក៏ក្រឡាខ្លួនជាយាយចាស់ម្នាក់ ហើយដើរសំដៅមករកពួកនាង និងសួរនាំរួចក៏បាននាំពួកនាងមករស់នៅក្នុងល្អាងមួយនៅកណ្តាលព្រៃ។

នាងទាំង១២រស់នៅក្នុងល្អាងអស់ពេលច្រើនឆ្នាំ រហូតដល់ថ្ងៃមួយពួកនាងនាំគ្នាគិតថា ហេតុអី្វលោកយាយយកពួកនាងមករស់ នៅក្នុងល្អាងនេះ តែលោកយាយមិនដែលមកនៅជាមួយពួកនាងសោះអញ្ចឹង។ គ្រាន់តែមកអើតពួកនាងមួយភ្លែៗហើយក៏ត្រឡប់ទៅវិញបាត់។

និយាយរួចនាងពៅក៏យកទឹកបាយក្តៅទៅចាក់ចូលក្នុងរន្ធកណ្តុលសរ។ ចាក់រួចក៏មានសត្វកណ្តុលសរមួយក្បាល រត់ចេញមកហើយក្រឡាខ្លួនជាមនុស្ស និងបានសួរទៅនាងទាំង១២ថា តើពួកនាងមកធ្វើអីនៅទីនេះ? ទីនេះគ្មានសុវត្ថិភាពសម្រាប់ពួកនាងទេ។ ពួកនាងឆាប់នាំគ្នាចេញពីទីនេះទៅ។

និយាយរួចនាងពៅក៏តបទៅកណ្តុលសរវិញថា គឺលោកយាយជាអ្នកយកពួកខ្ញុំឲ្យមករស់នៅទីនេះជាយូរឆ្នាំមក ហើយពួកខ្ញុំនៅទីនេះ មិនដែលមានគ្រោះថ្នាក់អីទេ។ កណ្តុរសរក៏តបពួកនាងវិញថា លោកយាយដែលនាងនិយាយនោះ គឺជាយក្សសន្ទមាទេ នាងយក្សយកពួកនាងមកចិញ្ចឹមព្រោះវាត្រូវការផឹកឈាមក្រមុំព្រហ្មចារីយ៍១២នាក់ ដើម្បីបានជីវិតអមតៈ។

ដឹងរឿងហើយពួកនាងភ័យខ្លាំងណាស់ ក៏នាំគ្នារត់រហូតបានជួបស្តេចមួយអង្គព្រះនាម ព្រះបាទព្រហ្មទណ្ឌ គ្រងរាជនៅនគរពារានសី។ ក្រោយពីបានជួបនាងទាំង ១២ហើយ ព្រះបាទព្រហ្មទណ្ឌសព្វព្រះទ័យខ្លាំងណាស់ ក៏បាននាំពួកនាងមកនគរ ហើយតែងតាំងពួកនាងជាមហេសីទាំង ១២នាក់ទៀតផង។

បន្ទាប់ពីនាងទាំង ១២រស់នៅជាមួយព្រះបាទព្រហ្មទណ្ឌបានមួយរយៈ ស្រាប់តែយក្សសន្ទមាបានដឹង ហើយបានតាមរកពួកនាងឃើញ និងបានប្រើមន្តសន្តំ (មន្តស្នេហ៍) លើព្រះបាទព្រហ្មទណ្ឌ ហើយចោទនាងទាំង ១២ថាជាយក្ស និងបានបញ្ជាឲ្យយកនាងទាំង១២ ទៅឃុំឃាំងខ្លួននៅក្នុងល្អាងភ្នំ។ បន្ទាប់មក យក្សសន្ទមាក៏បានចូលទៅក្នុងល្អាង ហើយបានខ្វេះភ្នែកនាងទាំង១២ (ខ្វេះភ្នែកទាំងសងខាង លើកលែងតែនាងទី១២ ដែលជាកូនពៅ ខ្វេះតែម្ខាងប៉ុណ្ណោះ)។

ជាច្រើនខែកន្លងមក ពួកនាងក៏សម្រាលបុត្រតំណាលៗគ្នា តែកូនរបស់ពួកនាង ១១នាក់កើតមកស្លាប់ទាំងអស់ លើកលែងតែកូនរបស់នាងទី១២(កូនពៅ) កើតមកមិនស្លាប់ ហើយម្តាយបានដាក់ឈ្មោះថា «រិទ្ធិសែន»។ ពេលដែលរិទ្ធិសែនកើតមក មានទេវតាតាមថែរក្សា។

រហូតដល់ធំពេញវ័យរិទ្ធសែនតែងតែសួរម្តាយរកឪពុកខ្លួន។ ម្តាយរិទ្ធសែនបានប្រាប់រឿងរ៉ាវដល់កូនទាំងអស់ ហើយបានឲ្យកូនរកកន្លែងរៀនសូត្រ។ រិទ្ធសែន ក៏ត្រូវបានលោកមេទ័ពដឹងថា ជាកូនរបស់នាងទាំង១២ ក៏បានយកទៅឲ្យរៀនអក្សរ មន្តវិជ្ជាការ។ ពេលរិទ្ធសែនធំពេញវ័យ ព្រះបាទព្រហ្មទណ្ឌ បានប្រកាសរកអ្នកក្លាហានមកធ្វើជាមេទ័ព ពេលនោះរិទ្ធសែនបានចូលប្រឡងជាប់ ហើយត្រូវបានតែងតាំងជាមេទ័ពផងដែរ។

ពេលនាងយក្សសន្ទមាដឹងរឿងរបស់ រិទ្ធសែនហើយ មិនបង្អង់យូរ យក្សសន្ទមាក៏ប្រើល្បិចឲ្យរិទ្ធសែននាំយកសាររបស់ខ្លួនទៅនគរ សន្ធប់បុរាជ ទៅប្រគល់ឲ្យព្រះនាងកង្រី ដែលជារាជនីនៅនគរនោះ។ ព្រះនាងកង្រីជាបុត្រីចិញ្ចឹមរបស់នាងយក្សសន្ទមា ដែលព្រះគ្រូរបស់យក្សសន្ទមា រើសបាននៅលើផ្កាឈូក ហើយបានផ្ញើឲ្យយក្សសន្ទមាចិញ្ចឹមស្រលាញ់ឲ្យដូចកូនបង្កើត។

បន្ទាប់ពីបានទទួលសារពីយក្សសន្ទមាហើយ រិទ្ធិសែនមិនបង្អង់យូរ ក៏ចេញដំណើរភ្លាម។ ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ រិទ្ធសែនក៏ឈប់សម្រាក។ ពេលរិទ្ធសែនកំពុងដេកលង់លក់ ទេវតាដែលតាមថែរក្សារិទ្ធសែន បានមកបើកសាររបស់យក្សសន្ទមាអាន ដោយសារនោះបានសរសេរថា «បើរិទ្ធិសែនទៅដល់ ពេលថ្ងៃត្រូវសម្លាប់ទាំងថ្ងៃ បើទៅដល់ពេល យប់ត្រូវសម្លាប់ទាំងយប់»

បន្ទាប់ពីអានរួចទេវតាបានដូររាជសារមកជាថា «បើរិទ្ធិសែនទៅដល់ទាំងថ្ងៃត្រូវរៀបការទាំងថ្ងៃ បើទៅដល់យប់ត្រូវរៀបការទាំងយប់»។ ពេលរិទ្ធិសែនក្រោកឡើង ក៏បន្តដំណើរទៅមុខទៀត រហូតដល់នគរសន្ធប់បូរាជ និងបានប្រគល់រាជសារដល់ដៃព្រះនាងកង្រីផ្ទាល់។

បន្ទាប់ពីកង្រីបានអានព្រះរាជសាររួចមក ក៏បញ្ជាឲ្យសេនា ភីលាង អាមាត្រក្នុងវាំងទាំងអស់ រៀបចំពិធីអភិសេកភ្លាម។ បន្ទាប់ពីរៀបអភិសេកហើយ ដោយហេតុតែស្រលាញ់ស្វាមីខ្លាំងពេក កង្រីក៏បាននាំរិទ្ធិសែន ដើរលេងពេញនគររបស់ខ្លួន និងបាននាំទៅមើលវត្ថុស័ក្តិសិទ្ធ ដែលមាននៅក្នុងនគររបស់នាង ដោយមិនមានការលាក់លៀមឡើយ។

ពេលកំពុងដើរមើលវត្ថុទិព្វ រិទ្ធិសែនបានលួចបេះស្លឹកឈើទិព្វ ជាវត្ថុទិព្វដែលនាងកង្រីនាំដើរមើលគ្រប់មុខយកមកលាក់ទុក។ បន្ទាប់ពីដើរមើលពេញនគរ និងដឹងរឿងសព្វគ្រប់ហើយ រិទ្ធិសែនក៏លួងនាងកង្រី ដើម្បីសួររឿងកែវភ្នែកនាងទាំង១២ ដែលជាម្តាយ និងអ៉ុរបស់ខ្លួន និងឲ្យនាងកង្រីនាំទៅមើល។

ពេលបានឃើញកែវភ្នែកនាងទាំង១២ហើយ រិទ្ធិសែនបានបង្អកស្រាដល់កង្រីឲ្យស្រវឹង និងបានយកស្លឹកឈើសន្តំមកសូត្រសន្តំយក្សឲ្យដេកលង់លក់ទាំងអស់ រួចរិទ្ធសែនក៏បានទៅលួចយកកែវភ្នែកនាងទាំង១២ ហើយបានប្រើស្លឹកឈើដុះស្លាប សូត្រផ្លុំដាក់សេះដើម្បីឲ្យសេះដុះស្លាបអាចហោះហើរបាន។ បន្ទាប់មក រិទ្ធិសែនក៏ឡើងជិះសេះ ហោះចេញទៅ។

ចំណែកកង្រីបន្ទាប់ពីស្វាងស្រវឹង និងសាបមន្តសន្តំមកហើយដឹងថា រិទ្ធិសែនរត់ចោលនាង។ នាងខំរត់តាមរិទ្ធិសែន។ រត់តាមបណ្តើរ ស្រែកហៅរិទ្ធិសែនបណ្តើរ។

ដោយឃើញនាងកង្រីរត់តាមបែបនេះ រិទ្ធិសែនក៏ស្រែកប្រាប់កង្រីថា «អូនកុំតាមបងអី បងយកកែវភ្នែកទៅជួយម្តាយ និងអ៉ុៗបងសិន ហើយចាំបងមករកអូនវិញ»
នាងកង្រីមិនស្តាប់គិតតែរត់តាម និងស្រែកហៅរិទ្ធិសែន «ព្រះស្វាមីចាំខ្ញុំម្ចាស់ផង»

ដោយឃើញកង្រីតាមរហូតបែប នេះរិទ្ធិសែនក៏ដកយកស្លឹកឈើប្រថពីស្លឹកឈើទិព្វ បោះទៅលើដីធ្វើឲ្យដីប្រះបែក ក្លាយជាជ្រលងដងអូរ ដើម្បីកុំឲ្យកង្រីតាមមកទៀត។ កង្រីក៏នៅតែរត់តាមរិទ្ធិសែន រត់តាមរហូតដល់ដួលបោកក្បាលស្លាប់នៅនឹងកន្លែងដីបែកប្រេះក្លាយជាអូរ ដែលរិទ្ធិសែនបោះស្លឹកឈើប្រថពីនោះ។

ឃើញដូច្នេះរិទ្ធិសែនក៏បានប្រញាប់យកកែវ ភ្នែកនាងទាំង១២មកជួយម្តាយ និងអ៉ុៗនៅក្នុងល្អាង ធ្វើឲ្យនាងទាំង១២អាចមើល ឃើញបានដូចដើម និងបាននាំម្តាយ និងអ៉ុទៅជួបព្រះបាទព្រហ្មទណ្ឌ។ ចំណែកព្រះបាទព្រហ្មទណ្ឌ ក៏បានសាបមន្តសន្តំរបស់នាងយក្សសន្ទមាផងដែរ។ បន្ទាប់ពីនាងយក្សសន្ទមា បានដឹងរឿងកង្រីស្លាប់ ក៏ប្រញាប់ប្រញាល់ចេញពីនគរពារានសីភ្លាម ហើយព្រះបាទព្រហ្មទណ្ឌ ក៏បានមកទទួលនាងទាំង១២ និងរិទ្ធសែនចូលព្រះបរមរាជវាំងរស់នៅយ៉ាងសុខសាន្តរហូតមក។

ចំណែករិទ្ឋិសែន ក្រោយពីបានយកកែវភ្នែកទៅជួយម្ដាយ និងអ៉ុៗរួចមក រិទ្ធិសែនក៏បានត្រឡប់មកយកសពនាងកង្រី ដើម្បីយកទៅតម្កល់ធ្វើពិធីតាមប្រពៃណីនៅនគរពារានសី តែត្រូវព្រះឥន្ទបានមកហាមឃាត់មិនឲ្យយក ដោយឲ្យទុកសពនាងកង្រីនៅកន្លែងដើម និងថានៅថ្ងៃក្រោយ នាងនឹងក្លាយជានិមិត្តរូបនៃនារីស្មោះត្រង់បំផុត នៅដែនពារានសីនេះ។

រឿងព្រេងនិទានប្រវត្តិភ្នំនាងកង្រី ដែលត្រូវបានរៀបរៀងជាអត្ថបទ មកចែកជូនប្រិយមិត្តស្តាប់ និងអានខាងលើនេះ មានការដកស្រង់ចេញពីរឿងនិទានរបស់ខ្មែរយើង ដែលបានចងក្រងជាប្រលោមលោក និងជារឿងនិទាន។ មួយចំណែកទៀត ត្រូវបានដកស្រង់ពីការចងចាំរបស់ចាស់ៗ ដែលបានរៀបរាប់ប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង។ រឿងនេះបើតាមសៀវភៅប្រវត្តិសាស្ត្រ គឺនៅមានរឿងរ៉ាវវែងឆ្ងាយណាស់។

ពាក់ព័ន្ធទៅនឹងការច្នៃ និងអភិវឌ្ឍន៍ភ្នំនាងកង្រី ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដើម្បីស្រូបយកភ្ញៀវជាតិ និងភ្ញៀវបរទេស ឲ្យចូលមកទស្សនាភ្នំនេះឱ្យបានច្រើននោះវិញ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅតំបន់ទេសចរណ៍ភ្នំនាងកង្រីនេះ រដ្ឋបាលបាលខេត្តកំពុងដឹកនាំធ្វើផែនការអភិវឌ្ឍ ដោយបានចាត់ឱ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកកំពង់លែង ជាអ្នករៀបចំផែនការធ្វើការងារអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំនាងកង្រី និងភ្នំដាសិលាទូកមាស រួមទាំងតំបន់ផ្សេងៗទៀត នៅក្នុងស្រុកកំពង់លែង ក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ៕