(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចផ្តល់ថវិកាចំនួន ៧លានអឺរ៉ូ ស្មើនឹងប្រមាណ ៨.២លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការផ្តល់ជំនួយបានធ្វើឡើងក្នុងកិច្ចប្រជុំចុងក្រោយនៃកិច្ចពិគ្រោះយោបល់រដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ថវិកាជំនួយប្រមាណ ៦លានអឺរ៉ូ នឹងត្រូវដាក់ប្រើប្រាស់ទៅក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ជាពិសេសការផ្ទេរសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនក្រីក្រ។ រីឯថវិកា ១លានអឺរ៉ូ នឹងត្រូវប្រើប្រាស់ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលជាជំនួយបច្ចេកទេស។ ថវិកាទាំងនេះ នឹងត្រូវប្រើសម្រាប់យុទ្ធនាលើកកម្ពស់ការយល់ដឹងវិធានការអនាម័យ ការបង្កើតមន្ទីរពិសោធន៍បង្អែកទី២ និងសម្រាប់ការព្យាបាលបន្ទាន់។

វិធានការទាំងពីរ នឹងត្រូវអនុវត្តដោយកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ដែលមានស្រាប់តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តការអាល្លឺម៉ង់ (GIZ)។

សូមបញ្ជាក់ថា កាលពីកំលុងខែមីនា និងមិថុនា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ថវិកាប្រមាណ ២.៥លានអឺរ៉ូ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបបញ្ហាប្រឈមបណ្តាលមកពីជំងឺកូវីដ១៩នេះផងដែរ។ ក្នុងនោះ ថវិកា ១លានអឺរ៉ូសម្រាប់កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ហើយ ១.៥លានអឺរ៉ូទៀត សម្រាប់វិទ្យាស្ថានប៉ាស្ទ័រ ត្រៀមខ្លួនក្នុងការធ្វើតេស្តរកមេរោគ និងធ្វើរោគវិនិច្ឆ័យ៕