(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ ដែលជាថ្ងៃដំបូង ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បើកឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅយ៉ាងរលូនពុំមានបញ្ហាអ្វីឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ គជប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែតុលានេះ បានបញ្ជាក់ថា «ការិយាល័យចុះឈ្មោះបោះឆ្នោតចម្បង ដែលមាននៅតាមសាលាឃុំ សង្កាត់ទាំង ១៦៤៦ បានបើកឱ្យដំណើរការព្រមគ្នានៅម៉ោង ៧៖០០ព្រឹក ដោយបានប្រព្រឹត្តទៅយ៉ាងរលូនពុំមានបញ្ហាអ្វីឡើយ បើទោះបីជានៅតាមបណ្តាឃុំ សង្កាត់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ»

គជប បានឲ្យដឹងថា តាមប្រតិទិនការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ១៩ថ្ងៃ ចែកចេញជាបីដំណាក់កាល៖

* សម្រាប់ ៤ថ្ងៃដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ គឺការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់។

* រយៈពេល ១០ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់នីមួយៗ។ ដោយឡែកសម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ១ថ្ងៃ ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោតវាយតម្លៃការងារ។

* នៅរយៈពេល ៥ថ្ងៃចុងក្រោយ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។

យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០ ៣៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ១២៣.២៥១ នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣.៤១៨ ការិយាល័យ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ឱ្យបាន គ្រប់ៗគ្នា៕