(ពោធិ៍សាត់)៖ កម្លាំងអន្តរាគមន៍ និងកម្លាំងប្រឆាំងបទល្មេីសគ្រឿងញៀន របស់អធិការដ្ឋាននគរបាលក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរលាប បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន០២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការណ៍ខាងលើ បានធ្វើឡើងនាវេលាម៉ោង១១៖៣៨នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវលំដីក្រហម ស្ថិតក្នុងភូមិឆ្លងកាត់ និងនៅចំណុចកន្លែងឆ្លាក់រូប ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីទី១ នៅចំណុចផ្លូវលំដីក្រហម ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ សមត្ថកិច្ចបានបង្ក្រាបបានករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមមាន៖

ទី១៖ ឈ្មោះ រិទ្ធ ព្រហស្បតិ៍ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ទី២៖ ឈ្មោះ មឿន សាមី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ទី៣៖ ឈ្មោះ ស៊ុន តាក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី៤៖ ឈ្មោះ ធី សឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ដោយដកហូតបានវត្ថុតាងក្រាមពណ៍សថ្លា ចំនួន០៨កញ្ចប់ (០៣កញ្ចប់ធំ និង០៥កញ្ចប់តូច), ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿង, កាំបិតកែច្នៃចំនួន ០១ដេីម និងការបូបចំនួន០៣។

ប្រភពពីសមត្ថកិច្ចបានបន្តថា ករណីទី២ ស្ថិតនៅចំណុចកន្លែងឆ្លាក់រូប ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ សមត្ថកិច្ចបានបង្ក្រាបបានករណីប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ជនសង្ស័យបានចំនួន០២នាក់រួមមាន៖

ទី១៖ ឈ្មោះ សេង ចាន់ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី២៖ ឈ្មោះ នន់ ថាណាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ដកហូតបានវត្ថុតាងឧបករណ៍ជក់គ្រឿងញៀនចំនួន០១កំប្លេរ, សំបកថង់ថ្នាំញៀនដែលជក់អស់មួយចំនួន, ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាំបិតកែច្នៃចំនួន ០១ដេីម។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងត្រូវឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕