(ព្រះវិហារ)៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សុខ សុគន្ធា អគ្គនាយករង តំណាងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២ឥ០នេះ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ដ្រីពន្ធនាគារ ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោក សុខ សុគន្ធា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ពន្ធនាគារ ការត្រួតពិនិត្យឆែកឆេរ និងអនុវត្តបទបញ្ជាផ្ទៃក្នុង និងច្បាប់ស្តីពីពន្ធនាគារ និងបង្កការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក ដោយអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រោយបញ្ចប់សំណេះសំណាល លោក សុខ សុគន្ធា បានណែនាំរំលឹកការអនុវត្តបទបញ្ជាផ្ទៃក្នុង ច្បាប់ស្តីពីពន្ធនាគារ និងអនុវត្តសេចក្តីណែនាំលេខ០៣១ របស់អគ្គនាយកដ្ឋានពន្ធនាគារ។ បន្ថែមពីនេះ លោកក៏បានបន្ដដំណើរសួរសុខទុក្ខមន្ត្រីពន្ធនាគារ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី អគ្គនាយកពន្ធនាគារ និងបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕