(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញនូវរូបភាពសកម្មភាពរបស់សម្តេច នៅគ្រាដែលប្រទេសកំពុងស្ថិតក្នុងដំណាក់កាលមានសន្តិភាពផង មានសង្គ្រាមផង ដើម្បីយល់ដឹងពីអតីតកាល និងឆ្លុះបញ្ចាំងបច្ចុប្បន្នកាល។

សម្តេចតេជោ បានបង្ហោះរូបភាព និងសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «កន្លងមកនេះខ្ញុំបានដើរពិនិត្យនូវទីតាំងដែលបាន និងកំពុងអភិវឌ្ឍន៍។ ឃើញការលូតលាស់ ខ្ញុំក៏នៅចងចាំគ្រាដែលលំបាកដែលយើងមិនគួរភ្លេច។ តើយើងចេញពីទីណាទើបមានថ្ងៃនេះ?។ ខ្ញុំសល់រូបថតមួយចំនួនដែលក្មួយៗ ចៅៗ មួយចំនួនមិនដែលបានឃើញនូវសកម្មភាពកសាង ប្រទេសក្នុងដំណាក់កាលមានសន្តិភាពផង មានសង្គ្រាមផង ដែលដៃម្ខាងត្រូវការរពារការវឹលត្រឡប់របស់ពួកប៉ុលពតផង និងដៃម្ខាងទៀតកសាងប្រទេសផង។

រូបថតទាំងនេះអាចជាជំនួយស្មារតីសំរាប់ការចងចាំ ការយល់ដឹងពីអតីតកាល ដើម្បីឆ្លុះបញ្ចាំងបច្ចុប្បន្នកាល។ ការភ្លេច ឬធ្វើភ្លេចអតីតកាលមិនមែន ជាវិធីនៃជនដែលមានជោគជ័យនោះឡើយ ព្រោះសូម្បីតែសច្ចធម៌ប្រវត្តិសាស្រ្តក៏មិនទទួលស្គាល់ផងនោះ»៕