(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល សន្យាបន្តចុះដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ទាំងការកាប់លះមែកឈើ និងកាត់ខ្សែកាប្លិ៍ បណ្តាញអ៉ីនធ័រណេតមិនរៀបរយមួយចំនួន និងការងារបង្កាទប់ស្កាត់គ្រឿងញៀន ក្នុងភូមិសាស្ត្រខណ្ឌ ស្របតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានលើកឡើងក្នុងវេទិការសាធារណៈកន្លងមក។

លោក ថេង សុថុល ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌចំការមន ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។

អភិបាលខណ្ឌចំការមន បានបញ្ជាក់ទៀតថា អាជ្ញាធរខណ្ឌបានត្រៀមសម្ភារក្នុងការធ្វើប្រតិបត្តិការ និងបន្តធ្វើការកាត់លះមែកឈើ និងបណ្តាញខ្សែកាប្លិ៍ នៅតាមវិថីសំខាន់មួយចំនួនតាមអ្វីដែលជាសំណូមពរបស់ប្រជាពលរដ្ឋ។

លោក ថេង សុថុល ក៏បានជំរុញឲ្យអាជ្ញាធរថ្នាក់សង្កាត់ត្រូវរាយការណ៍មកដល់រដ្ឋបាលខណ្ឌភ្លាមៗ រាល់សំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីឲ្យថ្នាក់ខណ្ឌបានធ្វើការដោះស្រាយទាន់ពេលវេលា ហើយសុំគោលការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញ រាល់បញ្ហាណាដែលមិនអាចដោះស្រាយបាន។

ក្នុងកិច្ចប្រជុំនោះ លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ក៏បានជំរុញផងដែរឲ្យអធិការខណ្ឌ អាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ទាំង៥របស់ខណ្ឌចំការមន ជាពិសេសសង្កាត់ផ្សារដើមថ្កូវ សង្កាត់ទន្លេបាសាក់ ដែលប្រជាពលរដ្ឋបានលើកឡើង ជាសំណូមពរក្នុងវិទិការសាធារណៈ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន បញ្ហាពង្រីកផ្លូវ និងការដោះស្រាយលិខិតរដ្ឋបាលផ្សេងៗ ក្នុងនាមជារដ្ឋបាលសង្កាត់ ជាអាជ្ញាធរត្រូវសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាប្រឈមទាំងនោះ និងត្រូវមានរបាយការណ៍ ដំណោះស្រាយបានដល់កម្រិតណាដើម្បីរាយការណ៍មកដល់ក្រុមប្រឹក្សាខណ្ឌវិញ។

លោក ព្រំ សំខាន់ ក៏បានកោតសរសើរ ការងាររបស់ច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌចំការមន ដែលដំណើការល្អក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក ហើយលោកសំណូមពរឲ្យបន្តកិច្ចការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តទៀត៕