(ភ្នំពេញ)៖ ប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្ត ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តស្នើសុំផ្ទេរកម្មសិទ្ធិតាមប្រព័ន្ធអនឡាញ ត្រូវបានប្រកាសដាក់ឱ្យដំណើរហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់ម្ចាស់រថយន្តទាំងអស់ ដែលមិនទាន់ផ្ទេរកម្មសិទ្ធិពីម្ចាស់ដើមនោះ រូតរះទៅប្តូរកម្មសិទ្ធិរថយន្ត ដើម្បីចៀសវាងបញ្ហាផ្លូវច្បាប់នានា ព្រោះការផ្ទេរមានភាពងាយស្រួល និងលែងស្មុគស្មាញហើយ។

ការផ្ទេរកម្មសិទ្ធិរថយន្តត្រូវបានគេមើលថាមានបញ្ហាស្មុគស្មាញច្រើនព្រោះតែនីតិវិធីការនៃការផ្ទេរ។ ការលំបាកនេះ បាននាំឱ្យការទិញលក់រថយន្តមួយចំនួនមិនមានការផ្ទេរកម្មសិទ្ធិរវាងម្ចាស់រថយន្តចាស់ ទៅម្ចាស់រថយន្តទិញបន្តនោះឡើយ។ ការទិញលក់រថយន្តដោយមិនផ្ទេរកម្មសិទ្ធិនេះ ក៏បានបង្កទៅជាបញ្ហាស្មុគស្មាញច្រើនផងដែរ ពេលដែលរថយន្តនោះមានបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរិះរកវិធីដើម្បីសម្រួលនូវបញ្ហាទាំងអស់។ ទីបំផុតការសិក្សាពីការផ្តល់សេវាដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបង្កើតឡើង ដោយបង្កលក្ខខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋជាម្ចាស់រថយន្តអាចចូលទៅក្នុងប្រព័ន្ធតាមអនឡាញ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិរថយន្ត។ ប្រព័ន្ធថ្មីដោយមានជំនួយពីបច្ចេកវិទ្យានេះ គឺមានការភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យអ្នកផ្ទេរកម្មសិទ្ធិយានយន្តមិនលំបាកធ្វើដំណើរទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធប្រថាប់ត្រាដូចមុនទៀតនោះឡើយ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្ត ក៏ដូចជាដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្ទេរកម្មសិទ្ធិរថយន្តនៅជាន់ទី៣ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ស្ថិតលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិរថយន្តនេះ នឹងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា ផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ ព្រមទាំងរួមចំណែកក្នុងការប្រមូលប្រាក់ពន្ធអាករ ធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងទប់ស្កាត់ការក្លែងបន្លំផ្សេងៗឱ្យមានប្រសិទ្ធិភាព។

«តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព»។ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់។

លោករដ្ឋមន្ត្រីបន្ថែមថា «ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មីមួយបន្ថែមទៀតនេះ អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណ ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីផ្តល់សេវាឱ្យបានទាន់ពេលវេលា កាត់បន្ថយ ការចំណាយផ្លូវការផ្សេងៗ ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបានកំណត់តម្លៃរួចជាស្រេច គ្រាន់តែបង់តាមតម្លៃនោះថវិកានឹងចូលទៅក្នុងថវិកាជាតិ មិនចូលទៅណាផ្សេងនោះទេ។ ការយកសេវាឱ្យមកកាន់តែគៀកប្រជាពលរដ្ឋនេះ ជាការផ្តល់សេវាឱ្យបានល្អ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ»

លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈបច្ចេកវិទ្យានេះ ពិតជាបានជួយសម្រួលដល់ការគ្រប់គ្រងទិន្នន័យរថយន្តនៅក្នុងប្រទេសកម្ពុជា ហើយក៏បានពង្រឹងទៅលើការបង់ពន្ធទៀតផង ព្រោះនៅពេលមានទិន្នន័យក្នុងប្រព័ន្ធស្វ័យប្រវត្តិហើយ គឺអាចគ្រប់គ្រងទៅលើការបង់ពន្ធបាន និងរឹតតែផ្តល់ភាពងាយ ស្រួលថែមទៀតដល់អ្នកប្រើប្រាស់រថយន្ត អាចទៅបង់ទាំងពន្ធប្រថាប់ត្រាផង ទាំងពន្ធផ្លូវប្រចាំឆ្នាំតំណាលគ្នាផងដែរ។

លោកបានបន្ថែមថា ប្រព័ន្ធបច្ចេកវិទ្យានេះ គឺមានប្រយោជន៍ច្រើនណាស់ក្នុងការជួយសម្រួលដល់ភាពស្មុគស្មាញ ជួយកាត់បន្ថយពេលវេលាក្នុងការរកឯកសារផ្សេងៗ ដោយសារតែឯកសារទាំងអស់គឺបានគ្រប់គ្រងតាមរយៈប្រព័ន្ធបច្ចេកវិទ្យារួចអស់ហើយ។ ដូចនេះវាពិតជាអាចជួយពន្លឿនកិច្ចការឱ្យបានរួចរាល់ក្នុងរយៈពេលខ្លីផងដែរ។

ការបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ ដែលជាមណ្ឌលទី៣នេះ ក្នុងគោលបំណងដើម្បីជួយសម្រួលក្នុងការផ្តល់សេវា កាត់បន្ថយពេលវេលា ទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

ការផ្តល់សេវាតាមរយៈបច្ចេកវិទ្យានេះ គឺផ្តល់សេវាបានលឿន ការគ្រប់គ្រងទិន្ន័យបានយ៉ាងម៉ត់ចត់ និងបានធ្វើបច្ចុប្បន្នភាពគ្រប់ទាំងអស់ ទាំងម្ចាស់ឡានឈ្មោះអី ម្ចាស់នៅទីណា និងព័ត៌មានផ្សេងៗទៀត ដើម្បីជៀសវាងការក្លែងបន្លំឯកសារផ្សេងៗ និងជៀសវាងការលួចក្លែងបន្លំមិនបង់ពន្ធគយជាដើម។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលទិញ-លក់ យានយន្តបានចុះបញ្ជីរួច ប៉ុន្តែពុំទាន់បានធ្វើការផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវមកធ្វើការផ្ទេរកម្មសិទ្ធិយានយន្ត ដើម្បីកាន់កាប់យានយន្តរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ និងរួចផុតពីកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់ ដូចជាករណី រថយន្តបង្ក គ្រោះថ្នាក់ចរាចរណ៍ ឬរថយន្តប្រព្រឹត្តិបទល្មើសផ្សេងៗជាដើម។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២០ នៅកម្ពុជាមានយានយន្តបានចុះបញ្ជីជិត ៦លានគ្រឿង។ ក្នុងនោះម៉ូតូមានជិត ៥លានគ្រឿង រថយន្តមានជិត ១លានគ្រឿង។ ដោយឡែករថយន្តដែលផ្ទេរកម្មសិទ្ធិមានគិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ មានជាង ១០ម៉ឺនគ្រឿង៕

<