(រតនគិរី)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ តាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានស្នើឲ្យរដ្ឋាភិបាល និងប្រជាជនអាមេរិក បន្តជួយគាំទ្រ និងបង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញទស្សនកិច្ច ការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើឲ្យអាមេរិក ជួយកសាងសមត្ថភាពថ្នាក់ជាតិ ក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះ រយៈពេលវែងក្រោយឆ្នាំ២០២៥ និងគាំទ្រការបង្កើតបន្ថែម ក្រុមការងារបច្ចេកទេសស្រាវជ្រាវចំការគ្រាប់បែកចង្កោមផងដែរ។

ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគំរាមកំហែង ដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង១៦០លានដុល្លារ តាមរយៈ WRA (Weapon Removal and Abatement) និងកម្មវិធី HDR&D (Humanitarian Demining, Research and Development)។

ជាមួយគ្នានេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានអះអាងថា សហរដ្ឋអាមេរិក ប្តេជ្ញាបន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីន ឲ្យអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញផងដែរ។

លោក W. Patrick Murphy បានលើកឡើងដែរថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយមនុស្សធម៌ លើការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាធំមួយ ក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី លី ធុជ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីន ដែលយើងបានដឹងឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះ ក៏បានលើកឡើងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដោយកំណត់ក្នុងគោលដៅទី២ របស់ខ្លួនផងដែរ។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ទេសរដ្ឋមន្ដ្រី លី ធុជ និងឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចុះពិនិត្យម៉ាស៊ីនគាំទ្រ ប្រតិបត្តិការបោសសម្អាត គ្រាប់របស់អង្គការ MAG ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅក្រុងបានលុង និងលទ្ធផលនៃការបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការ NPA នៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមើលការប្រកួតបាល់ទាត់នារី រវាងអ្នកដោះមីន/គ្រាប់ របស់អង្គការ MAG និងអង្គការ NPA ផងដែរ៕