(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសហការី ចុះរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ជូនប្រជាពលរដ្ឋ នៅភូមិអាចារ្យលាក់ សង្កាត់អាអាចារ្យលាក់ និងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោក ម៉ាក់ ប៊ុនហុង បានលើកឡើងថា ទឹកដែលកកស្ទះទាំងអស់នេះ គឺដោយសារប៉ុន្មានថ្ងៃកន្លងទៅនេះ មានភ្លៀងធ្លាក់ច្រើននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របពេលដែលប្រជាពលរដ្ឋនៅក្នុងក្រុងធ្វើសំណង់ថ្មីៗក្នុងឆ្នាំនេះ រួមផ្សំជាមួយការចាក់ដីរបស់ប្រជាពលរដ្ឋខ្ពស់ជាងផ្លូវ លុបប្រព័ន្ធរំដោះទឹក ហើយការរៀបចំដាក់ប្រព័ន្ធរំដោះទឹករបស់ប្រជាពលរដ្ឋដែលភ្ជាប់ពីផ្លូវកាន់មុខផ្ទះរបស់ខ្លួនមិនមានភាពស្មើគ្នា និងមានភាពតូចចង្អៀត ដែលមិនគ្រប់គ្រាន់ ដើម្បីលំហូរបរិមាណទឹកភ្លៀងចេញពីភូមិដ្ឋានជាពិសេសការបោះចោលកាកសំណល់ ដែលហេតុធ្វើឱ្យកកស្ទះមាត់លូផងដែរ។

លោក ម៉ាក់ ប៊ុនហុង បានបន្តថា ដើម្បីឱ្យការងារទាំងអស់នេះ កាន់តែមានប្រសិទ្ធភាព សូមឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគោរពច្បាប់ រាល់ពេលធ្វើសំណង់ ធ្វើរបង ចាក់ដីផងដែរ។

ក្នុងនោះលោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសចៅសង្កាត់គ្រប់រូបមេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់លើការថែរក្សាប្រព័ន្ធរំដោះទឹក និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវទាំងនៅក្នុងផ្ទះ កន្លែងសាធារណៈជាដើម។

លោកបានគូសបញ្ជាក់ថា ដើម្បីថែរក្សាប្រព័ន្ធផ្លូវ និងការពារសុខភាពប្រជាពលរដ្ឋនៅរដូវភ្លៀងធ្លាក់ អាជ្ញាធរក្រុងស្ទឹងសែន បានស្តារប្រព័ន្ធរំដោះទឹកភ្លៀងប្រវែងជិត៤០០ម៉ែត្រ និងសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាសហការ និងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវ ឬនៅមាត់លូ ដែលជាហេតុឱ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងសង្កាត់អាចារ្យលាក់ បានសម្តែងនូវសេចក្តីសោមនស្ស សប្បាយរីករាយ និងអគុណនូវការយកចិត្តទុករបស់អាជ្ញាធរ ក្នុងការជួយថែទាំសុខភាពរបស់ពួកគាត់ ដែលចម្លងដោយ ទឹកមិនស្អាត តាមរយៈភា្នក់ចម្លងផ្សេងៗទៀតដែលរស់នៅក្នុងទឹកដក់នៅក្នុងភូមិដ្ឋានទាំងអស់នេះផងដែរ៕