(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា គិតចាប់ពីថ្ងៃទី០៧ ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ផ្លាកលេខពិសេសផ្ទាល់ខ្លួន លក់បានជាង ២ពាន់ផ្លាក ទទួលបានថវិកាជាង ៦លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះក្នុងពិធីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្តល់សេវាចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្ត នៅផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល នៅតាមបណ្តោយព្រះមហាវិថីនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក ស៊ុន ចាន់ថុល បានចាត់ទុកដំណើរការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានកាន់តែច្រើននេះ គឺជាជោគជ័យមួយក្នុងការដាក់លក់នូវសេវានេះ ដើម្បីបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់រថយន្ត ហើយក៏បានទាញថវិកាជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។

ជាការកត់សម្គាល់ថវិកាមួយចំណែកបានពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានក្រសួងនាំយកទៅផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕