(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារជូនដល់យុវជនកម្ពុជាទាំងអស់ថា យុវជនមិនត្រូវបោះបង់ការសិក្សានោះទេ គឺត្រូវតែតាំងចិត្តតស៊ូដើម្បីកសាងចំណេះដឹង និងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិទាំងអស់គ្នា។

ការផ្ញើសារបែបនេះរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងកិច្ចពិភាក្សាតុមូលស្តីពី «សារសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា និងក្រោយឧត្តមសិក្ស» នាថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោកបានលើកឡើងថា រៀន គឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ន ជ្រើសរើសមុខជំនាញសិក្សាដោយផ្អែកលើ៥ចំណុចសំខាន់ៗគឺ តាមមរតកគ្រួសារ តាមឮគេថា តាមមិត្តភក្តិ តាមតម្រូវការទីផ្សារ និងតាមការសម្រេចចិត្តផ្ទាល់ខ្លួន។ លោកបន្តថា មានយុវជនជាច្រើនបានជ្រើសរើសមុខជំនាញសិក្សាទៅតាមមរតករបស់គ្រួសារ ឧទាហរណ៍ គឺគ្រួសារដែលប្រកបមុខរបរពេទ្យ ច្រើនតែតម្រង់ទិស ឬបង្ខំកូនឱ្យបន្តចាប់យកមុខរបរពេទ្យដូចខ្លួន ដោយមិនបានឈ្វេងយល់ថា កូនរបស់ខ្លួនគ្មានឧបនិស្ស័យ ឬលក្ខណៈសម្បត្តិសមប្រកបពេញលេញ ដើម្បីចាប់យកជំនាញនោះឡើយ។

ត្រង់ចំណុចនេះប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវសង្គមមួយរូប បានបញ្ជាក់ថា បើទោះបីជាយុវជនរូបនោះអាចសិក្សាចប់ និងបំពេញការងារនោះតាមការចង់បានរបស់គ្រួសារក្ដី ក៏យុវជនរូបនោះមិនអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនបាននោះឡើយ។ បន្ថែមពីនេះ ចំពោះការជ្រើសរើសមុខជំនាញតាមអ្វីដែលឮតាមគេថា មិត្តភក្តិ ឬទីផ្សារ ត្រូវបានលោកបណ្ឌិតសភាចារ្យពន្យល់បន្ថែមថា៖ «អ្នកខ្លះទៅរៀននៅទីនេះ ឬទីនោះដោយឮតាមគេថា ទៅតាមមិត្តភក្តិ ទៅតាមសាលាដែលមានស្រីស្អាត ឬទៅតាមតម្រូវការទីផ្សារ ក៏ពុំអាចទទួលបានជោគជ័យក្នុងអាជីពផងដែរ ព្រោះទាំងនេះមិនឆ្លើយតបទៅនឹងទេពកោល្យនិងឧបនិស្ស័យដែលខ្លួនមាន»

លោកបណ្ឌិតក៏បានផ្ដល់អនុសាសន៍ដល់អង្គវេទិកាទាំងមូលថា «អ្នកដែលខ្លាំង គឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន ពុំមែនទៅតាមតម្រូវការទីផ្សារការងារនោះទេ ព្រោះទីផ្សារគឺយើងជាអ្នក បង្កើតគ្មាននរណាជាអ្នកបង្កើតឱ្យយើងនោះទេ។» នេះជាការផ្ដាំផ្ញើទៅដល់សិស្សានុសិស្សដែលកំពុងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិសេស សិស្សានុសិស្សដែលនឹងត្រូវប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។

ជាការចែករំលែកបទពិសោធដែលធ្លាប់មានកន្លងមក លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យពីប្រទេសរុស្ស៉ី និងបានចូលបម្រើការងារដំបូង លោកគឺជាបណ្ឌិតដែលវ័យក្មេងជាងគេ ប៉ុន្តែលោកបានធ្វើដំណើរតាមទស្សនវិជ្ជាផ្ទាល់របស់លោកដែលថា «វ័យ ឬអាយុ មិនមែនជាម៉ែត្រសម្រាប់វាស់ចំណេះដឹងនោះទេ» ហេតុនេះហើយ លោកបានប្រកាន់ជំហររឹងមាំ និងដើរឆ្ពោះទៅមុខជានិច្ច ហើយក៏ថែមទាំងបានចូលរួមផ្ដល់ជាគំនិត ទស្សនវិស័យ និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នស្រាវជ្រាវរបស់ជាតិ៕